
អត្ថបទនេះធ្វើការពិភាក្សាអំពីរបៀបដែលគ្រោះមហន្តរាយដូចជាជំងឺកូវីដ-១៩ ត្រូវបានយកទៅប្រើប្រាស់ជា យន្តការដើម្បីបង្កើនការកេងប្រវ័ញ្ចលើកម្មករឥណ្ឌូណេស៊ី និងរបៀបដែលមេដឹកនាំសហជីព និងសកម្មជនការងារ បានឆ្លុះបញ្ចាំងទៅលើចលនាកម្មករឥណ្ឌូណេស៊ី ដើម្បីឆ្លើយតបទៅនឹងបាតុភូតដែលបានកើតឡើង។
ច្បាប់ប្រឆាំងនឹងប្រជាជន
ខណៈពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះគឺនៅចុងខែមីនា ឆ្នាំ២០២៥ ជាច្រើនថ្ងៃកន្លងទៅនេះ នៅតាម ដងផ្លូវជាច្រើនក្នុងទីក្រុងនានានៃប្រទេសឥណ្ឌូណេស៊ីពោរពេញទៅដោយបាតុករ ដែលមានទាំងនិស្សិត កម្មករ និង សាធារណជនទូទៅ ធ្វើការទាមទារឱ្យលុបចោលច្បាប់ស្តីពីយោធាឥណ្ឌូណេស៊ី (TNI) ដែលត្រូវបានអនុម័តដោយ រដ្ឋសភាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ច្បាប់ថ្មីនេះ គឺជាការធ្វើវិសោធនកម្មលើច្បាប់ចាស់ ដែលត្រូវបានគេ មើលឃើញថាមានបញ្ហា ដោយសារច្បាប់ថ្មីនេះផ្ទុយទៅនឹងបរមានុភាពរបស់ប្រជាជនស៊ីវិល ក្នុងនោះមានមាត្រាមួយ ចំនួននៃច្បាប់ថ្មីនេះធ្វើឱ្យមានការសង្ស័យថា “អាចធ្វើឱ្យព្រំដែនរវាងអំណាចស៊ីវិល និងយោធាមានភាពមិនច្បាស់លាស់” ដែលបានធ្វើឱ្យគេនឹកឃើញដល់សម័យកាលនៃរបបសណ្តាប់ធ្នាប់ថ្មីបែបផ្តាច់ការ ហើយច្បាប់នេះអាចនឹងនាំយក របបនេះត្រឡប់មកវិញ (Paat & Rivana, 2025; Saputra, 2025; Tempo, 2025)។ ដំណើរការនៃការធ្វើ វិសោធនកម្មច្បាប់នេះបានធ្វើឡើងដោយតក់ក្រហល់ ហើយបាន “ផ្តល់ឱកាសតិចតួចសម្រាប់សាធារណជនក្នុងការចូលរួម ឬការចូលរួមប្រកបដោយអត្ថន័យ” (Saputra, 2025)។ អ្នករិះគន់បានលើកឡើងថា បញ្ហាកង្វះតម្លាភាពបែបនេះ គឺជា “បញ្ហាដែលតែងតែកើតមានជាញឹកញាប់” នៅក្នុងការពិភាក្សា និងការតាក់តែងធ្វើសេចក្តីព្រាងច្បាប់របស់ រដ្ឋសភា (Tempo, 2025)។

ជាការពិតណាស់ បញ្ហានេះបានរំលឹកយើងអំពី “ច្បាប់ស្តីពីការបង្កើតការងារ” (Undang-Undang Cipta Kerja) ដែលត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅក្នុងអំឡុងពេលនៃការរាតត្បាត នៃជំងឺកូវីដ-១៩ ទោះបីជាសាធារណជនជាច្រើនបានបដិសេធច្បាប់នេះយ៉ាងណាក៏ដោយ។ បញ្ហានេះបានធ្វើឱ្យមាន បាតុកម្មទូទាំងប្រទេសទាមទារឱ្យលុបច្បាប់នេះចោល (Prasetyo, 2020; Lane, 2020)។ មុនពេលច្បាប់នេះត្រូវ បានអនុម័ត អង្គការសង្គមស៊ីវិលជាច្រើនបានស្នើឱ្យផ្អាកការពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ “ក្នុងក្របខ័ណ្ឌនៃការ គោរព ការការពារ និងលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ”ប៉ុន្តែដំណើរការពិភាក្សាលើ សេចក្តីព្រាងច្បាប់នៅតែបន្តក្រោមស្ថានភាពនៃ “ការលាក់បាំងជាសម្ងាត់” (Panimbang, 2020)។
ច្បាប់ស្តីពីការបង្កើតការងារ បានផ្តល់ផលប្រយោជន៍សម្រាប់តែក្រុមពួកមូលធន និងបក្ខពួករបស់ពួកគេ ប៉ុណ្ណោះ។ ច្បាប់នេះបានធ្វើវិសោធនកម្មទៅលើច្បាប់ដែលមានស្រាប់ចំនួនប្រហែល ៧៩ច្បាប់ ដែលគ្របដណ្តប់ លើវិស័យនានាដូចជា ច្បាប់ស្តីពីការងារ បទប្បញ្ញត្តិស្តីពីការរុករករ៉ែ និងការការពារបរិស្ថាន។ ច្បាប់នេះមានគោលបំណង ទាក់ទាញការវិនិយោគពីបរទេសដោយប្រើប្រាស់យន្តការចាស់ដដែលៗ ដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម និង អស្សាមិករណ៍។ ភាសាដែលគេប្រើគឺ “ការបង្កើតការងារ” ប៉ុន្តែការពិតទៅ សំណួរដែលសំខាន់ត្រូវសួរនោះគឺ “តើជា ការងារប្រភេទណា?” បើទោះបីជាអ្វីដែលនឹងត្រូវលក់នោះគឺជាសុខុមាលភាពរបស់ប្រជាជនឥណ្ឌូណេស៊ី ជាពិសេស កម្មករ និងសុខុមាលភាពបរិស្ថាន។
ចំពោះបញ្ហាវិស័យការងារតែមួយមុខនោះ ច្បាប់នេះបានបង្កើនភាពបត់បែននៃកម្លាំងពលកម្មកាន់តែខ្លាំង ជាងមុន ហើយបានគំរាមកំហែងទៅលើស្ថិរភាពការងារ ជាជាង “ការបង្កើតការងារ” ។ ច្បាប់នេះក៏ជំរុញការធ្វើ ឯកជនភាវូបនីយកម្មនៃទំនិញ និងសេវាកម្មសាធារណៈ និងបានវាយប្រហារលើសិទ្ធិការងារជាច្រើនផ្នែកដោយរាប់ បញ្ចូលទាំងអត្ថប្រយោជន៍នានាដូចជាការឈប់សម្រាកព្យាបាលជំងឺ និងប្រាក់សោធននិវត្តន៍។ ច្បាប់នេះបានលុប ចោលលក្ខណវិនិច្ឆ័យសំខាន់ៗមួយចំនួន ដែលប៉ះពាល់ដល់ប្រាក់ឈ្នួលអប្បបរមា (ដូចជាអតិផរណា) និងទិដ្ឋភាព ផ្សេងៗទៀត (សូមមើល Panimbang, 2020; Izzati, 2020; Prasetyo, 2020)។ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើល នោះទេដែលធនាគារពិភពលោកបាន “ការពារយ៉ាងខ្លាំង” ទៅលើច្បាប់នេះ ខណៈដែលសមាគមធុរកិច្ចឥណ្ឌូណេស៊ី និង សភាពាណិជ្ជកម្មឥណ្ឌូណេស៊ីក៏បានបង្ហាញការគាំទ្ររបស់ពួកគេលើច្បាប់នេះផងដែរ (Lane, 2020)។ ក្រុម មូលធននិយមសកល និងក្នុងស្រុក នឹងទទួលបានផលប្រយោជន៍ពីការងារដែលមានចារិកលក្ខណៈដូចរៀបរាប់នេះ (ការងារដែលងាយរងគ្រោះ មានប្រាក់ឈ្នួលទាប គ្មានអត្ថប្រយោជន៍បន្ថែម និងមិនសូវមានស្ថិរភាពការងារ) ច្បាប់ នេះអាចនឹងពង្រីកលទ្ធភាពឱ្យមានការកេងប្រវ័ញ្ចទៅលើកម្មករកាន់តែខ្លាំងឡើង ហើយបញ្ហាខាងលើនេះអាចកើត មានឡើងក្រោមទម្រង់នៃការបង្កើតយន្តការណាមួយ និងគោលនយោបាយគាំទ្រយន្តការទាំងនោះ ត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករ និង/ឬ បង្ខំកម្មករឱ្យបង្កើនទិន្នផលផលិតភាពរបស់ពួកគេ។
នៅពេលខ្ញុំទៅដល់ប្រទេសឥណ្ឌូណេស៊ីនៅពាក់កណ្តាលឆ្នាំ ២០២៤ ខ្ញុំបានធ្វើការសម្ភាសកម្មកររោងចក្រ កម្មន្តសាល មេដឹកនាំ/អ្នកចងក្រងសហជីព ក៏ដូចជាសកម្មជន/អ្នកស្រាវជ្រាវវិស័យការងារនៅក្នុងទីក្រុងហ្សាការតា និងតាមទីក្រុងនានាជាច្រើនទៀតនៅខេត្ត Banten និង West Java។[1] ការសម្ភាសទាំងនេះគឺជាផ្នែកមួយនៃ គម្រោងស្រាវជ្រាវរបស់ខ្ញុំទាក់ទងនឹងរបៀបដែលកម្មករ គឺជាតួអង្គមួយក្នុងចំណោមតួអង្គផ្សេងទៀត នៅក្នុងប្រទេស ឥណ្ឌូណេស៊ីទទួលរងផលប៉ះពាល់ និងធ្វើការឆ្លើយតបទៅនឹង “វិបត្តិ” ដែលបង្កឡើងដោយបាតុភូតដូចជាជំងឺរាតត្បាត កូវីដ-១៩។ ប៉ុន្តែផ្នែកនៃការសម្ភាសភាគច្រើនបានក្លាយជាការសន្ទនាអំពីយុទ្ធសាស្ត្រនៃចលនាកម្មករឥណ្ឌូណេស៊ី ក៏ជា ផ្នែកមួយនៃបញ្ហាដែលកើតឡើងនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (Global South)។ អ្នកផ្តល់ព័ត៌មានរបស់ខ្ញុំ ជាច្រើននាក់ បានចូលរួមដោយផ្ទាល់ និងដោយប្រយោលក្នុងការតវ៉ាមិនទទួលយកច្បាប់ស្តីពីការបង្កើតការងារនេះ។ មេដឹកនាំសហជីពជាច្រើនដែលខ្ញុំបានជជែកជាមួយ ដែលមកពីសហជីពនានាបានផ្តួចផ្តើមធ្វើចលនា GEBRAK (ចលនារួបរួមកម្មករជាមួយប្រជាជន) ដែលជាសម្ព័ន្ធភាពនៃសហព័ន្ធសហជីព និងសហភាពសហជីពជាច្រើនធ្វើការ រួមគ្នាជាមួយអង្គការនិស្សិត អង្គការស្ត្រី អង្គការបរិស្ថាន និងអង្គការសង្គមស៊ីវិល។ ចលនារួបរួមកម្មករជាមួយប្រជាជន (GEBRAK) ធ្វើសកម្មយ៉ាងសកម្មក្នុងការប្រមូលផ្តុំមហាជនក្នុងអំឡុងពេលនៃការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ស្តីពី ការបង្កើតការងារ ទោះបីជាការចូលរួមនេះមិនមែនជាការចូលរួមលើកដំបូងរបស់ពួកគេនៅក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយ ធំបែបនេះក៏ដោយ។ Lane (2020, p. 3) មើលឃើញថា វាជាយុទ្ធសាស្ត្ររបស់សហជីពក្នុងការកសាង “ចលនា ពហុវិស័យដ៏មានប្រជាប្រិយភាពធំមួយ” ។ ប៉ុន្តែ មុនពេលយើងពិភាក្សារឿងនេះបន្ថែមទៀត យើងសូមធ្វើការពិនិត្យ មើលទៅលើបទពិសោធន៍មួយចំនួនរបស់កម្មករឥណ្ឌូណេស៊ីទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩។

ការកេងចំណេញពីជំងឺរាតត្បាត
រហូតមកដល់ពេលនេះជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ថា បាននាំមកនូវការរំខាន យ៉ាងធ្ងន់ធ្ងរទៅលើរចនាសម្ព័ន្ធដ៏ស្មុគស្មាញនៃខ្សែសង្វាក់ទំនិញសកល (សូមមើល Foster & Suwandi, 2020)។[2] របាយការណ៍មួយរបស់ J.P. Morgan (2022) បានពិពណ៌នាថាវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់មានសភាពកាន់តែធ្ងន់ធ្ងរ ឡើងដោយសារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយឥទ្ធិពលនៃជម្លោះនេះនៅតែបន្តជះផលប៉ះពាល់លើវិស័យជាច្រើន រាប់ចាប់ពីឧស្សាហកម្មលោហធាតុ និងការជីកយករ៉ែ រហូតដល់ការផ្គត់ផ្គង់សារធាតុគីមី។
ទោះជាយ៉ាងណាក៏ដោយ មិនគ្រប់បញ្ហាទាំងអស់សុទ្ធតែមានភាពច្បាស់លាស់គ្រប់ពេលនោះទេ នៅពេល និយាយអំពីរបៀបដែលវិបត្តិបែបនេះប៉ះពាល់ទៅលើកម្មករនៅកន្លែងផលិតកម្ម៖ តើអ្វីទៅជាទំនាក់ទំនងរវាងការរំខាន បង្កឡើងដោយជំងឺរាតត្បាតដែលបានកើតមាននៅគ្រប់ទីកន្លែងនេះ ជាមួយនឹងកម្មករឥណ្ឌូនេស៊ីដែលធ្វើការនៅ រោងចក្រផលិតស្បែកជើង ដំឡើងគ្រឿងអេឡិចត្រូនិក និងផលិតទំនិញផ្សេងទៀតនៅក្នុងសាជីវកម្មពហុជាតិ? អ្វីដែល គួរឱ្យសោកស្តាយនោះគឺ ចម្លើយអាចនៅតែមិនមានភាពច្បាស់លាស់នៅឡើយ។ នៅក្នុងខ្សែសង្វាក់ទំនិញសកល ដ៏ស្មុគស្មាញដែលមានគោលដៅបង្កើនមូលធននៅក្នុងសេដ្ឋកិច្ចពិភពលោកបែបចក្រពត្តិនិយមនេះ (Smith, 2016; Suwandi, 2019) បាតុភូតដូចជាជំងឺរាតត្បាត ឬជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមិនគិតពីផលប៉ះពាល់ ពិតប្រាកនោះ ផលប៉ះពាល់ដែលបានលើកឡើង គឺប្រហែលគ្រាន់តែជាហេតុផលសម្រាប់ប្រើប្រាស់ដើម្បីបង្កើនការ កេងប្រវ័ញ្ចលើកម្មករតែប៉ុណ្ណោះ។
អ្នកផ្តល់ព័ត៌មានរបស់ខ្ញុំបានសង្កេតឃើញពីទម្រង់ដ៏ច្បាស់លាស់មួយចំនួននៅតាមរោងចក្រ៖ ជំងឺរាតត្បាត និងជួនកាលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានក្លាយជាហេតុផលមួយសម្រាប់ប្រើប្រាស់ដើម្បីកេងប្រវ័ញ្ចកម្មករ។ កម្មករជាច្រើនត្រូវបានបញ្ឈប់ពីការងារ (PHK/Pemutusan Hubungan Kerja)។ អ្វីទៅជាមូលហេតុចំបង? ក្នុង នាមជាអ្នកផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនពហុជាតិសាសន៍ដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអភិវឌ្ឍន៍ រោងចក្រ ដែលពួកគេកំពុងធ្វើការ បានជួបប្រទះបញ្ហាបញ្ជាទិញធ្លាក់ចុះគួរឱ្យគាត់សម្គាល់ពីអតិថិជនរបស់ពួកគេ (ដែលជា ក្រុមហ៊ុនពហុជាតិសាសន៍)។ “ជំងឺរាតត្បាត” ត្រូវបានគេលើកឡើងជារឿយៗថាជាហេតុផលមួយដែលធ្វើឱ្យការ បញ្ជាទិញមានការធ្លាក់ចុះ (ហើយមានរោងចក្រមួយចំនួតូចដែលនិយាពីបញ្ហា “សង្រ្គាមអ៊ុយក្រែន”) ទាំងនេះបង្ហាញ ឱ្យឃើញថាអតិថិជនពហុជាតិសាសន៍កំពុងជួបបញ្ហាហិរញ្ញវត្ថុ ដោយសារតែការលក់ទំនិញរបស់ពួកគេរងផលប៉ះពាល់ ដូច្នេះ ពួកគេបានកាត់បន្ថយការបញ្ជាទិញ។ ប៉ុន្តែ បញ្ហនេះពិបាកផ្ទៀងផ្ទាត់ណាស់ ដោយសារព័ត៌មានទាក់ទងនឹងការបញ្ជាទិញរបស់អតិថិជនភាគច្រើនត្រូវបានរក្សាជាការសម្ងាត់។[3] ពេលខ្លះ អ្នកគ្រប់គ្រងរោងចក្របានលើកឡើង ពីការរំខានដែលបណ្តាលមកពីជំងឺរាតត្បាតដើម្បីជាលេសបញ្ឈប់កម្មករពីការងារ ដោយលើកឡើងថាទំនិញរបស់ អតិថិជនពួកគេបានបរាជ័យក្នុងការចូលទៅក្នុងទីផ្សារអ៊ឺរ៉ុប ឬក៏វត្ថុធាតុដើមដែលត្រូវបានដឹកជញ្ជូនពីប្រទេសនានាត្រូវ បានកាក់ទុកនៅកំពង់ផែ។
ហើយអ្វីដែលប្រហែលជាសំខាន់បំផុត និងគួរឱ្យកត់សម្គាល់នៅតាមរោងចក្រភាគច្រើននោះគឺទម្រង់នៃ “ការផ្លាស់ប្តូរទីតាំងរោងចក្រ” ដែលជាញឹកញាប់ត្រូវបានធ្វើឡើងបន្ទាប់ពីបានបញ្ឈប់កម្មករពីការងារ។ ថៅកែរោងចក្រ អាចនឹងផ្លាស់ប្តូរទីតាំងរោងចក្រ ឬសាងសង់រោងចក្រថ្មីនៅក្នុងខេត្តផ្សេងទៀត ដែលមានប្រាក់ឈ្នួលអប្បបរមាទាប ជាងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងខេត្តបច្ចុប្បន្ន។ ជាទូទៅ រោងចក្រថ្មីនេះត្រូវបានសាងសង់នៅខេត្តភាគកណ្តាល កោះ Java ដូចជានៅខេត្ត Grobogan ជាដើម។ ការសង្កេតនេះបានធ្វើឱ្យមានមន្ទិលសង្ស័យទៅលើហេតុផលដែល បានលើកឡើងដោយអ្នកគ្រប់គ្រងថា “ការបញ្ជាទិញថយចុះ” ។ ប្រសិនបើរោងចក្រមិនផ្លាស់ប្តូរទីតាំងទេនោះ មាន បាតុភូតធម្មតាមួយទៀតបានកើតឡើង គឺការជំនួសម្មករដែលត្រូវបានបញ្ឈប់ដោយកម្មករកិច្ចសន្យា (BHL/Buruh Harian Lepas) ដែលមិនមានស្ថិរភាពការងារ។ មាននិន្នាការទូទៅមួយដែលបានបានកើតឡើងនៅក្នុងរោងចក្រ មួយចំនួន គឺការជួល “អ្នកហាត់ការ” (buruh magang) ដែលជាទូទៅជាសិស្សទើបរៀនចប់វិទ្យាល័យថ្មីៗ។ ការផ្លាស់ប្តូរការងារទៅជាការងារដែលមានភាពមិនទៀងទាត់ អស្ថិរភាព និងកង្វះការការពារកម្មករទាំងនេះ បានដើរ ស្របទៅនឹងច្បាប់ស្តីពីការបង្កើតការងារ ដែលបានលើកទឹកចិត្តឱ្យបង្កើនភាពបត់បែននៃទីផ្សារការងារ និងធ្វើឱ្យមាន ការលំបាកក្នុងការធានាស្ថិរភាពការងារដល់កម្មករ។[4]
សរុបសេចក្តីមក ការកេងប្រវ័ញ្ចមានការកើនឡើង ទាំងតាមរយៈការទម្លាក់ប្រាក់ឈ្នួល (តាមរយៈការធ្វើឱ្យ មានភាពបត់បែននៃកម្លាំងពលកម្ម ដូចជាតាមរយៈការជួលកម្មករដែលមានប្រាក់ឈ្នួលទាបនៅក្នុងខេត្តផ្សេងទៀត ឬក្នុងទម្រង់ជាកម្មករកិច្ចសន្យា) និងតាមរយៈការបង្កើនផលិតភាព។ តើអ្នកណាទទួលបានផលប្រយោជន៍ពីបញ្ហា ទាំងអស់នេះ? ហើយក្នុងចំណោមអ្នកទទួលផលប្រយោជន៍ទាំងនោះ តើអ្នកណាទទួលបានប្រាក់ចំណេញច្រើន ជាងគេ (ព័ត៌មានជំនួយ៖ តើអ្នកណាដែលចាប់យកបានតម្លៃខ្ពស់ជាងគេបំផុតនៅក្នុងខ្សែសង្វាក់តម្លៃសកល)? អ្នកប្រហែលជាអាចឆ្លើយសំណួរទាំងនេះបាន។ ទាំងនេះគឺជាអ្វីដែលអ្នករិះគន់ច្បាប់ស្តីពីការបង្កើតការងារ បានលើកឡើង ដូចដែលថ្នាក់ដឹកនាំសហជីពបាននិយាយនៅក្នុងការសម្ភាសរបស់គាត់ជាមួយខ្ញុំ ច្បាប់នេះគឺគ្មានអ្វីក្រៅពីជា “កម្រាលព្រំ ពណ៌ក្រហម” សម្រាប់វិនិយោគិនបរទេសនោះទេ។

ការឆ្លុះបញ្ចាំងទៅលើចលនាកម្មកររបស់ឥណ្ឌូនេស៊ី
តើកម្មករឆ្លើយតបយ៉ាងដូចម្តេចចំពោះការកេងប្រវ័ញ្ចទាំងនេះ? កម្មករដែលខ្ញុំបានសម្ភាសន៍សុទ្ធតែជាសមាជិក សហជីព។ ដូច្នេះ ពួកគេមិនគ្រាន់តែឆ្លើយតបនោះទេ ពួកគេក៏បានវាយបកអស់ពីសមត្ថភាពផងដែរ តាមរយៈសហជីពរបស់ពួកគេនៅក្នុងកម្រិតរោងចក្រ ដូចជាតាមរយៈការចរចាជាមួយអ្នកគ្រប់គ្រងជាដើម។ បទពិសោធន៍ ទាំងនេះមួយចំនួនគឺជាបញ្ហាសម្រាប់ការពិភាក្សាផ្សេងទៀត។ អ្វីដែលខ្ញុំចង់រំលេចឱ្យឃើញនៅត្រង់នេះគឺជាបញ្ហាធំ ជាងនេះមួយ ដែលទាក់ទងនឹងរបៀបដែលមេដឹកនាំ/អ្នកចងក្រងសហជីព និងសកម្មជន/អ្នកស្រាវជ្រាវវិស័យការងារ មើលទៅលើបាតុភូតខាងលើ ហើយផ្សាភ្ជាប់បាតុភូតខាងលើនេះទៅនឹងការឆ្លុះបញ្ចាំងរបស់ពួកគេលើចលនាកម្មករ ឥណ្ឌូនេស៊ី។ ជាទូទៅ អ្នកផ្តល់ព័ត៌មានរបស់ខ្ញុំបានយល់ស្របគ្នាថា (១) បាតុភូតនានាដូចជាវិបត្តិផ្សេងៗដែលបង្ក ឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានពួកមូលធន និងរដ្ឋ ប្រើប្រាស់ជាមូលហេតុដើម្បីបង្កើនការកេងប្រវ័ញ្ចទៅ លើកម្មករ (២) ដើម្បីកសាងចលនាកម្មករខ្លាំងជាងមុន តម្រូវឱ្យមានយុទ្ធសាស្រ្តរយៈពេលវែង។
ទោះបីជាមានការខ្វែងគំនិតគ្នាខ្លះក៏ដោយ ក៏មេដឹកនាំ/អ្នកចងក្រងសហជីពភាគច្រើន (ពួកគេមួយចំនួន ក៏ជាកម្មកររោងចក្រផងដែរនៅក្នុងអំឡុងពេលផ្តល់ការសម្ភាស) និងសកម្មជន/អ្នកស្រាវជ្រាវវិស័យការងារ បាន យល់ស្របគ្នាថា ចលនាកម្មករចាំបាច់ត្រូវធ្វើឱ្យបានទូលំទូលាយជាងការមើលឃើញបែបតូចចង្អៀតថាជាចលនា របស់ពួកវណ្ណៈកម្មករឧស្សាហកម្ម ដែលដឹកនាំដោយសហជីព។ មានកត្តាជាច្រើនដែលត្រូវបានគូសបញ្ជាក់ដោយ អ្នកផ្តល់ព័ត៌ផ្សេងគ្នា។ ខ្ញុំសូមធ្វើការសង្ខេបពីភាពខុសគ្នានៅទីនេះ។ ទីមួយ យើងត្រូវការចលនាកម្មករប្រកបដោយ បរិយាប័ន្ន ដើម្បីអាចឈានទៅដល់ការធ្វើចលនាទ្រង់ទ្រាយធំនៅក្នុងក្រុមសង្គមស៊ីវិល ជាពិសេសនៅក្នុងធាតុផ្សំនៃ ដំណើរការលូតលាស់ និងឬសកែវនៃចលនាដោយបញ្ចូលក្រុមអង្គការកសិករ និងអង្គការស្ត្រីនិយម។ នេះជារបៀប ដែលយើងបង្កើតចលនាដែលមានភាពរឹងមាំជាងមុន ហើយយើងត្រូវការយុទ្ធសាស្ត្រដើម្បីប្រឈមមុខនឹងការគាបសង្កត់ ពីរដ្ឋ ក្រោមទម្រង់ផ្សេងៗដូចជាច្បាប់ស្តីពីការបង្កើតការងារ។ ចលនារួបរួមកម្មករជាមួយប្រជាជន (GEBRAK) គឺជា ភាពជោគជ័យប្រកបដោយអត្ថន័យមួយដែលចាំបាច់តម្រូវឱ្យមានយុទ្ធសាស្រ្តដើម្បីបន្តកសាងសម្ព័ន្ធភាពបែបនេះ ជាពិសេសការបង្កើតសម្ព័ន្ធភាពដែលមិនផ្តោតតែនៅក្នុងទីក្រុងធំប៉ុណ្ណោះទេ។ សហជីពខ្លួនឯងត្រូវតែអាចជ្រៀតចូល ទៅឱ្យដល់កម្មករឱ្យបានគ្រប់ក្រុមគ្រប់ផ្នែក និងត្រូវដឹងពីចារិកលក្ខណៈ ក៏ដូចជាព័ត៌មានប្រជាសាស្រ្តរបស់កម្មករឱ្យ បានច្បាស់លាស់ ដើម្បីសហជីពអាចកែសម្រួល និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្របានសមស្រប។[5]
ទីពីរ យើងក៏ត្រូវគិតគូរផងដែរអំពីរបៀបនៃការកំណត់បញ្ញត្តិឱ្យបានប្រសើរជាងមុន ហើយអ្វីដែលជាតម្រូវ ការជាក់ស្តែងប្រហែលជាយើងត្រូវបង្កើតជម្រើសគោលនយោបាយដ៏រឹងមាំដោយខ្លួនឯង ដែលអាចឱ្យយើងធ្វើការងារ លើសពី “ការការពារខ្លួន” (ឧទាហរណ៍ ការវាយបកទៅលើបទប្បញ្ញត្តិដែលមានលក្ខណៈគាបសង្កត់)។[6] ប៉ុន្តែ សម្រាប់ អ្នកដឹកនាំ/អ្នកចងក្រងសហជីពមួយចំនួន អ្វីដែលនៅតែមានសារៈសំខាន់នោះ គឺការកសាងមូលដ្ឋានរឹងមាំដើម្បីធ្វើ កូដកម្មតាមរយៈការបន្តកសាងស្មារតីនៅកន្លែងផលិតកម្ម។ ដូច្នេះ នៅពេលដែលកម្មករត្រូវបញ្ឈប់សកម្មភាពផលិតកម្ម “រចនាសម្ព័ន្ធកូដកម្ម” ត្រូវបានរៀបចំរួចជាស្រេច។
ទីបី ការបណ្តុះបណ្តាលនយោបាយសេដ្ឋកិច្ច នៅកម្រិតមូលដ្ឋានដល់កម្មករ ដើម្បីកសាងសតិសម្បជញ្ញៈ ពិតជាមានសំខាន់បំផុត។ អ្នកផ្តល់ព័ត៌មានមួយចំនួនបានសង្កត់ធ្ងន់ថា ការអប់រំក្រៅប្រព័ន្ធ ឬការពិភាក្សាជាក្រុមបែប នេះគួរតែធ្វើយ៉ាងណាឱ្យកម្មករទាំងអស់អាចចូលរួមបាន ជាពិសេសក្រុមកម្មករដែលគេមិនសូវអើពើក្នុងសកម្មភាព សហជីពដូចជាក្រុមស្ត្រីជាម្តាយដែលត្រូវមើលថែគ្រួសារបន្ទាប់ពីចេញពីធ្វើការ។ ទីបួន សកម្មជនការងារខ្លះទៀតក៏ បានផ្តល់ជាអានុសាសន៍ថា សហជីពត្រូវគិតគូរអំពីយុទ្ធសាស្ត្រក្នុងការធ្វើឱ្យតួនាទីរបស់ពួកគេរស់ឡើងវិញ ដែលជា មូលដ្ឋានសម្រាប់ការធ្វើចលនាសង្គម។ ដោយសាររដ្ឋបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ធ្វើយ៉ាងណាឱ្យសហជីពចុះខ្សោយ (សូម្បីតែបទបញ្ជាថ្មីរបស់ស៊ូហារតូ) គឺជាការចូលរួមមួយផ្នែកដែលធ្វើឱ្យសហជីពត្រូវបានបង្ខំចិត្តផ្លាស់ប្តូរតួនាទី របស់ពួកគេទៅជាភ្នាក់ងារធ្វើការសង្គម។ ដើម្បីទាក់ទាញសមាជិកភាព សហជីពជាច្រើនប្រកួតប្រជែងគ្នាក្នុងការផ្តល់ “សេវាកម្ម” ឱ្យបានច្រើនបំផុតដល់សមាជិករបស់ខ្លួន (រាប់ចាប់ពីការចែកកញ្ចប់អាហារ រហូតដល់ការផ្តល់សេវារថយន្ត សង្គ្រោះបន្ទាន់)។ ជាមួយនឹងក្របខ័ណ្ឌនេះ វាពិតជាមានការលំបាកសម្រាប់សហជីពក្នុងការបន្តធ្វើចលនាសង្គម ប្រកបដោយអត្ថន័យ។ វេនារម្មណ៍នេះក្លាយជាសម្លេងដែលត្រូវបានយកទៅបន្ទរដោយសកម្មជនសហជីពដែលយល់ថា ចលនាកម្មករនៅក្នុងប្រទេសឥណ្ឌូនេស៊ីអាចទទួលបានអត្ថប្រយោជន៍ពីការកសាងមូលដ្ឋានគ្រឹះបន្ថែមទៀតនៅក្នុងក្រុមឆ្វេងនិយម ហើយធ្វើការពង្រីកបណ្តាញរបស់ពួកគេបន្ថែមទៀតដើម្បីអាចប្រមូលផ្តុំកម្លាំងទ្រង់ទ្រាយធំ។

សេចក្តីសន្និដ្ឋាន
ការធ្វើប្រតិនិន្នាទទៅលើការឆ្លុះបញ្ចាំងរបស់អ្នកផ្តល់ព័ត៌មានរបស់ខ្ញុំ មានលក្ខណៈជាការសន្ទនាក្នុងចំណោម កម្មករ សកម្មជន/អ្នកស្រាវជ្រាវវិស័ការងារ និងអ្នកដឹកនាំ/អ្នកចងក្រងសហជីព មានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ កំណត់ទិសដៅនៃសម្ព័ន្ធភាពដែលមានស្រាប់ និងទប់ស្កាត់កុំឱ្យពួកគេចុះខ្សោយនៅពេលដែលមិនមានការ “គាបសង្កត់” ដែលត្រូវធ្វើការឆ្លើយតប ដូចជាគ្មានបទប្បញ្ញត្តិដែលត្រូវបដិសេធ និងវិធីសាស្ត្រក្នុងការកសាងយុទ្ធសាស្រ្តវាយបក។ កិច្ចសន្ទនានេះគួរតែត្រូវបានធ្វើឡើងជាលក្ខណៈក្រៅផ្លូវការជាទៀងទាត់ និងជាការពិភាក្សាប្រកបដោយបរិយាប័ន្ន នៅកម្រិតមូលដ្ឋានដែលអាចឱ្យមានការចូលរួមពីក្រុមកម្មករនានាបាន។ ការមានមហិច្ឆតាខ្ពស់ ការរិះគន់ខ្លួនឯងក្នុង ន័យស្ថាបនា និងចំណេះដឹងដ៏មានតម្លៃ គឺត្រូវកសាងឡើងចេញពីបទពិសោធន៍ដ៏មានអត្ថន័យ នេះជាអ្វីដែលអ្នក ផ្តល់ព័ត៌មានរបស់ខ្ញុំបានលើកឡើង។ ពួកគេទាំងអស់សុទ្ធតែជាតួអង្គសំខាន់ៗ ដែលបានចូលរួមដោយផ្ទាល់ ឬដោយ ប្រយោល នៅក្នុងទិដ្ឋភាពនៃចលនាកម្មកររបស់ប្រទេសឥណ្ឌូនេស៊ី។ វាដល់ពេលហើយសម្រាប់យើង ដែលត្រូវស្វែងយល់ ធ្វើការពិចារណា និងធ្វើបញ្ញត្តិនីយកម្ម ដើម្បីនាំមកនូវពន្លឺនៅចំពោះមុខនៃភាពងងឹត។
Intan Suwandi
Intan Suwandi គឺជាសាស្រ្តាចារ្យជំនួយផ្នែកសង្គមវិទ្យានៅ Illinois State University សហរដ្ឋអាមេរិក។ គាត់ គឺជាអ្នកនិពន្ធសៀវភៅចំណងជើង ខ្សែសង្វាក់តម្លៃ៖ សេដ្ឋកិច្ចថ្មីបែបចក្រពត្តិនិយម ដែលបោះពុម្ពដោយរោងពុម្ព Monthly Review Press។
Notes –
[1] មេដឹកនាំ/អ្នកចងក្រងសហជីពជាសមាជិករបស់ KSN (សហព័ន្ធសហជីពជាតិ) KASBI (សភាសម្ព័ន្ធសហភាពសហជីពពាណិជ្ជកម្មឥណ្ឌូនេស៊ី) និង SGBN (មជ្ឈមណ្ឌលសម្រាប់ចលនាកម្មករជាតិ) ខណៈដែលសកម្មជន/អ្នកស្រាវជ្រាវវិស័យការងារ គឺជាអ្នកដែលកំពុងមានទំនាក់នង ឬធ្លាប់មានទំនាក់ទំនងជាមួយ LIPS (មជ្ឈមណ្ឌលធនធានការងារ Sedane) និង P2RI (ចលនាតស៊ូសាមគ្គីភាពប្រជាជនឥណ្ឌូនេស៊ី) ។
[2] នៅដើមឆ្នាំ ២០២០ លើសពី ៩០ ភាគរយនៃសាជីវកម្មចម្រុះជាតិសាសន៍ចំនួនដែលមានក្នុងបញ្ជីទស្សនាវដ្តី 1000 Fortune មានអ្នកផ្គត់ផ្គង់ ដែលត្រូវទទួលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ នៅពាក់កណ្តាលខែមេសាឆ្នាំ ២០២០ ក្រុមហ៊ុនកម្មន្តសាលសកលជាង ៨០ ភាគរយ បានជួបប្រទះនឹងកង្វះខាតការផ្គត់ផ្គង់ (Betti & Hong, 2020; Braw, 2020; DeMartino, 2020)។
[3] ប៉ុន្តែ នៅពេលដែលសហជីពបានស្នើសុំជំនួយពីអង្គការការងារ ដើម្បីពិនិត្យមើលស្ថានភាពដំណើរការរបស់ក្រុមហ៊ុនដែលជាអតិថិជនរបស់ រោងចក្រ ពួកគេបានរកឃើញថាប្រាក់ចំណេញរបស់ពហុជាតិមិនមានផលប៉ះពាល់នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺបានកើនឡើង។ តំណាងសហជីព បានរកឃើញថា ក្នុងករណីខ្លះ រោងចក្រខ្លួនឯងក៏មានប្រាក់ចំណេញកើនឡើងដែរ។
[4] មានទម្លាប់នៃការកេងប្រវ័ញ្ចជាច្រើនទៀតដែលត្រូវបានពិភាក្សា។ ពួកគេមួយចំនួនទទួលបានការគាំទ្រពីគោលនយោបាយរបស់រដ្ឋាភិបាល។ ទម្លាប់ទាំងនេះរួមបញ្ចូលទាំងកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ ដូច្នេះ ប្រាក់ឈ្នួលរបស់កម្មករត្រូវបានកាត់បន្ថយ (គោលការណ៍ “គ្មានការងារ គ្មានប្រាក់ឈ្នួល”) ការកាត់ប្រាក់ឈ្នួលរហូតដល់ ២៥ ភាគរយនៅក្នុងឧស្សាហកម្មអតិពលកម្មដែលផ្តោតលើការនាំចេញ និងឧស្សាហកម្ម ជាច្រើនទៀតដែលខ្ញុំមិនអាចពិភាក្សានៅទីនេះបាន ដោយសារមិនមានកន្លែងសរសេរគ្រប់គ្រាន់។
[5] ការលើកឡើងរបស់សកម្មជន/អ្នកស្រាវជ្រាវវិស័យការងារមួយចំនួននៅក្នុងបទសម្ភាសន៍របស់ខ្ញុំ រចនាសម្ព័ន្ធ និងតាមឋានានុក្រមខ្ពស់បានធ្វើ ឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់របស់ពួកគេមិនទទួលបានការប្រាស្រ័យទាក់ទងដែលច្បាស់លាស់ និងត្រឹមត្រូវ ជាមួយកម្មករនៅកន្លែងផលិតកម្ម នោះ លែងមានប្រយោជន៍ទៀតហើយនៅក្នុងយុគសម័យនៃការធ្វើឱ្យការងារមានភាពបត់បែនខ្លាំងនាពេលបច្ចុប្បន្ននេះ។
[6] ថ្នាក់ដឹកនាំសហជីពក៏បានលើកឡើងពីតម្រូវការសម្រាប់ការប្រយុទ្ធគ្នានៅក្នុងសង្វៀនទាំងពីរផងដែរ៖ តាមរយៈសម្ព័ន្ធភាពដូចជា GEBRAK និងតាមរយៈប្រព័ន្ធរដ្ឋសភាដោយចូលរួមក្នុងគណបក្ស Partai Buruh ដែលទើបបង្កើតថ្មី (គណបក្សការងារ)។
Reference –
Betti, F. & Hong, P.K. (2020, February 27). Coronavirus is disrupting global value chains. Here’s how companies can respond. World Economic Forum. https://www.weforum.org/agenda/2020/02/how-coronavirus-disrupts-global-value-chains
Braw, E. (2020, March 4). Blindsided on the supply side. Foreign Policy. https://foreignpolicy.com/2020/03/04/blindsided-on-the-supply-side/
DeMartino, B. (2020, April 13). COVID-19: Where is your supply disruption? https://futureofsourcing.com/covid-19-where-is-your-supply-disruption
Foster, J.B. & Suwandi, I. (2020). COVID-19 and catastrophe capitalism. Monthly Review, 72(2), 1-20.
Izzati, F.F. (2020, October 13). Kill the bill, or it will kill us all. Progressive International. https://progressive.international/wire/2020-10-13-kill-the-bill-or-it-will-kill-us-all/en
J.P. Morgan. (2022, May 25). What’s behind the global supply chain crisis? https://www.jpmorgan.com/insights/global-research/supply-chain/global-supply-chain-issues.
Lane, M. (2020, November 9). Protests against the Omnibus Law and the evolution of Indonesia’s social opposition. ISEAS Perspective, 128. https://www.iseas.edu.sg/wp-content/uploads/2020/11/ISEAS_Perspective_2020_128.pdf
Paat, Y. & Rivana, G. (2025, March 20). DPR urges dialogue as students protest TNI Law. Jakarta Globe. https://jakartaglobe.id/news/dpr-urges-dialogue-as-students-protest-tni-law
Panimbang, F. (2020, October 21). Indonesia’s return to an authoritarian developmental state. IPS Journal. https://www.ips-journal.eu/topics/democracy/indonesias-return-to-an-authoritarian-developmental-state-4734/
Prasetyo, F.A. (2020, October 17). Neoliberal “Omnibus Law” sparks rebellion in Indonesia. rs21. https://revsoc21.uk/2020/10/17/neoliberal-power-grab-sparks-rebellion-in-indonesia/
Saputra, E.Y. (2025, March 27). Civil society to file judicial review of TNI Law over flawed process, power grab. Tempo. https://en.tempo.co/read/1991283/civil-society-to-file-judicial-review-of-tni-law-over-flawed-process-power-grab
Smith, J. (2016). Imperialism in the twenty-first century. Monthly Review Press.
Suwandi, I. (2019). Value chains: The new economic imperialism. Monthly Review Press.
Tempo. (2025, March 28). Law experts explain why house rushed to pass TNI Law despite public outcry. https://en.tempo.co/amp/1991668/law-experts-explain-why-house-rushed-to-pass-tni-law-despite-public-outcry