ទេសកាលនៃស្ថានភាពចលាចល៖ ការឆ្លុះបញ្ចាំងទៅលើព្រឹត្តិការណ៍ថ្ងៃទី ១៥ ខែមករា (Malari)

Kartini Monument, Tulung Agung, East Java, Indonesia. Photo: Mang Kelin, Shutterstock

ក្នុងខែឧសភា ឆ្នាំ ១៨៩៩ Kartini (1879-1904) សំណេរក្នុងលំហអាណានិគមនៃកោះជ្វា ដែលស្ថិតក្រោមអាណានិគម ហូឡង់ បានសរសេរអំពីដំណើរឆ្លងកាត់ព្យុះនៃការប្រែប្រួលដ៏ខ្លាំងក្លាដែលកំពុងហ៊ុមព័ទ្ធពិភពលោកដែលនាងបានរស់នៅ៖

“វិញ្ញាណនៃយុគសម័យ ដែលជាអ្នកសង្គ្រោះ និងជាអ្នកការពាររបស់ខ្ញុំ បានបោះជំហានលឺសូរដូចផ្គរលាន់  និង ប្រកបដោយមោទនភាព បានធ្វើឱ្យស្ថាប័នចាស់ៗរង្គោះរង្គើ ខណៈពេលដែលគាត់ដើរទៅជិតដែនដីរបស់ ពួកគេ មាត់ច្រករបាំងដ៏រឹងមាំបានរបើកឡើង មាត់ច្រកមួយចំនួនបានរបើកដោយខ្លួនឯងយ៉ាងងាយ ហើយ មួយចំនួនទៀតបានរបើកទាំងលំបាក ប៉ុន្តែ មាត់ច្រកនៃរបាំងបានរបើកឡើងហើយ ដែលបានអនុញ្ញាតឱ្យ ភ្ញៀវដែលមិនបានអញ្ជើញចូលខាងក្នុង ហើយកន្លែងណាដែលគាត់បានឆ្លងកាត់ គាត់បានបន្សល់ទុកស្នាម ដានជើងរបស់គាត់។” (“លិខិតជូនចំពោះ Stella Zeehandelaar” Kartini, 1912)

ពេលដែលនាងសរសេរលិខិតនេះ នាងមានអាយុមិនទាន់បាន២០ ឆ្នាំផង  Kartini បានឱបក្រសោបភាពចលាចល នៃការប្រែប្រួលដោយមិនមានការស្ទាក់ស្ទើរ ដូចជាវិញ្ញាណដែលផ្តល់ការសង្គ្រោះ និងការការពារ ហើយឥទ្ធិពលនៃការ បំផ្លិចបំផ្លាញរបស់វិញ្ញាណនេះមានភាពចាំបាច់សម្រាប់នាង និងបងប្អូនជនរួមជាតិរបស់នាង ក្នុងការរំដោះខ្លួនចេញនឹម អាណានិគមនិយម និងការក្តោបក្តាប់របស់ពួកសក្តិភូមិ។ ត្រឹមតែ ៥២ ឆ្នាំ ក្រោយពីនិវេទន៍នៃគណបក្សកុម្មុយនីស្តក្នុង ឆ្នាំ១៨៤៧ បដិរូបរបស់ Kartini អំពីភាពចលាចលនៃការប្រែប្រួលបានបន្លឺសំលេងត្រឡប់មកវិញនៅក្នុងសេចក្តី ថ្លែងការណ៍បើកដូចខាងក្រោម៖

“ខ្មោចកំពុងតែលងបន្លាចទ្វីបអឺរ៉ុប គឺជាខ្មោចកុម្មុយនីស្ត។  អំណាចទាំងអស់របស់ប្រទេស អឺរ៉ុបចាស់ៗបាន ចូលរួមក្នុងសម្ព័ន្ធភាពនៃមហាអំណាចអឺរ៉ុប ដើម្បីបណ្តេញខ្មោចនេះ…” (Marx and Engels, 1847) ។

នៅក្នុងសម័យក្រោយទទួលបានឯករាជ្យ បន្ទាប់ពីនាងបានស្លាប់បាត់ទៅ Kartini បានក្លាយទៅជានិម្មិតរូបរបស់រដ្ឋ “Ibuism” (Suryakusuma, 1996) ជាមួយនឹងការរះឡើងនៃរបបរៀបចំសណ្តាប់ធ្នាប់ថ្មីរបស់ ស៊ូហារតូ (Soeharto) ដែល បានពង្រឹងមូលដ្ឋានគ្រឹះបត្តេយ្យកានៃរបបផ្តាច់ការយោធា។ ភាពក្លៀវក្លាក្នុងយុវវ័យរបស់នាងត្រូវបានជំនួសដោយ និម្មិតរូបបែបអកម្មនៃភាពជាម្តាយ ទោះបីជាការពិតដែលថានាងបានប្រឆាំងយ៉ាងខ្លាំងទៅនឹងការរៀបអាពាហ៍ពិពាហ៍ ហើយនៅទីបំផុតនាងក៏ព្រមចុះចាញ់ នឹងបានស្លាប់នៅអាយុ ២៥ឆ្នាំ បួនថ្ងៃបន្ទាប់ពីនាងបានផ្តល់កំណើតដល់កូន តែមួយគត់របស់នាង។ អ្វីដែលមានសារៈសំខាន់សម្រាប់ការសញ្ជឹងគិតរបស់យើងអំពីភាពចលាចល គឺការលុបបំបាត់ ជំហរដ៏រឹងមាំ និងបោះជំហានទៅមុខ នៅក្នងការគិត និងការសរសេររបស់នាងដោយមន្ត្រីអាណានិគម ដែលត្រូវបាន ចាត់ទុកថាជាអ្នកការពារ “ពិតប្រាកដ” របស់នាង។ នៅ​ទី​បំផុត ការ​បំបិទ​សំឡេង​របស់​នាង​​ត្រូវ​បាន​អនុវត្តជា​ថ្មី​ម្តង​ទៀត​ដោយ​រដ្ឋាភិបាលសណ្តាប់ធ្នាប់ថ្មី។

Portrait of Raden Adjeng Kartini. Wikipedia Commons

សៀវភៅដែលមានចំណងជើងថា Panggil Aku Kartini Saja (“គ្រាន់តែហៅខ្ញុំថា Kartini”) បោះពុម្ពក្នុងឆ្នាំ១៩៦២​ សរសេរដោយអ្នកនិពន្ធ Pramoedya Ananta Toer គឺជាស្នាដៃដ៏កម្រមួយ ដែលបានរំលេចឱ្យឃើញពីទស្សវិទ្យា កំណែទម្រង់ឆ្វេងនិយមរបស់ Kartini ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ពន្ធនាគារគាត់អស់រយៈពេលដប់បីឆ្នាំ ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ការបំផ្លាញបណ្ណាល័យរបស់គាត់ និងអត្ថបទដែលមិនទាន់បានសរសេរចប់ និង ការហាមឃាត់ការលក់អត្ថបទសំណេររបស់គាត់ដោយក្រឹត្យរបស់មហាសន្និបាតប្រជាជនបណ្តោះអាសន្នឆ្នាំ១៩៦៦ (TAP MPRS XXV/1966) បានហាមប្រាមការបោះពុម្ពផ្សាយទាំងអស់ក្រោមមូលហេតុថា ជាការផ្សព្វផ្សាយ “លទ្ធិ ម៉ាក្សនិយម” ដែលមានន័យថា គ្រប់ការចងចាំនៃវិញ្ញាតកម្មដំបូងអំពីទស្សវិទ្យាកំណែទម្រង់និយមត្រូវទទួលរងការ គាបសង្គត់ដោយហិង្សា ហើយភាគច្រើននៅតែកើតមាននាពេលបច្ចុប្បន្ន។

ក្នុងអំឡុងពេលអាណានិគមហូឡង់ ភាពចលាចលបែបនេះត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដោយផ្ទាល់ ទៅលើយុទ្ធសាស្ត្រនិស្សារណកម្មអាណានិគម ជាមួយនឹងការបញ្ចប់ប្រព័ន្ធដាំដុះដែលគ្រប់គ្រងដោយរដ្ឋ ការរះឡើង នៃគោលនយោបាយសេរីនិយមថ្មីឆ្នាំ១៨៧៩ និងការជំរុញឱ្យធ្វើឯកជនភាវូបនីយកម្ម។ រដ្ឋ​បាន​ក្លាយ​ជា​ប្រព័ន្ធ​មួយ​ដែល​ធានា​សន្តិសុខ និង​ត្រួតពិនិត្យទៅលើ “សន្តិភាព និង​សណ្តាប់ធ្នាប់” (“rust en orde”) ដែល​ទាមទារ​ដោយ​ពួកមូលធនឯកជន។ ការយល់ដឹងពីការបំបិទសម្លេងរបស់ Kartini បានលាតត្រដាងអំពីកិច្ចសហការរវាង ការធ្វើ ឯកជនភាវូបនីយកម្មជាមួយនឹងការកើនឡើងនៃ “វិធីសាស្រ្តការពារសន្តិសុខ” (pendekatan keamanan) របស់ ប៉ូលីសដែលការពាររបបសណ្តាប់ធ្នាប់ថ្មី និងសម័យកាលក្រោយកំណែទម្រង់ ក្នុងប្រទេសឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ន។ ភាពចលាចលគឺជាខ្មោចដែលបង្កើតឡើងដោយពួកមូលធននិយម ហើយត្រូវបានគេអន្ទងឥតឈប់ឈរ ដើម្បីឱ្យដើរ តួនាទីបំភ្លៃរបស់វាជាប់ជានិច្ចនៅក្នុងសណ្តាប់ធ្នាប់សេរីនិយមនៃសម័យអាណានិគម និងសម័យកាលសណ្តាប់ធ្នាប់  ថ្មីបែបសេរីនិយមនាពេលបច្ចុប្បន្ន។

A car on fire in Jakarta during the 15 January 1974 “Malari” riots. Wikimedia Commons

ការបង្កើតភាពចលាចល៖ “Malari” ជាចំណុចមួយនៃការឆ្លុះបញ្ចាំង

ពាក្យថា Malapetaka Lima Belas Januari ឬដែលជាទូទៅហៅថា Malari ត្រូវបានបកប្រែថា “មហន្តរាយថ្ងៃទី១៥ ខែមករា”។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅចន្លោះឆ្នាំ១៩៧៣-១៩៧៤ គឺតិចជាងប្រាំបីឆ្នាំក្រោយពីការឡើងកាន់ អំណាចដោយហិង្សានៃរបបសណ្តាប់ធ្នាប់ថ្មី ហើយវានៅតែជាព្រឹត្តិការណ៍ដែលមានភាពមិនច្បាស់លាស់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រឥណ្ឌូណេស៊ីសម័យទំនើប។

ដោយសារតែមានចន្លោះប្រហោង និងការបិទបាំងជាច្រើន ព្រឹត្តិការណ៍នេះធ្វើឱ្យគេមិនអាចរៀបរាប់រឿងរ៉ាវតាមលំដាប់ លំដោយបាននោះទេ ដែលទាមទារឱ្យមានការពិពណ៌នាវិភាគបែបស៊ីជម្រៅ។ ការរៀបរាប់ព្រឹត្តិការណ៍តាមលំដាប់លំដោយ រឿងហេតុដែលបានកើតឡើង ហើយត្រូវបានផ្សព្វផ្សាយយ៉ាងច្រើនដោយប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋ ហើយបន្ទាប់មក ដោយប្រព័ន្ធយុត្តិធម៌ គឺជាការត្រៀមទុកជាមុនដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Kakuei Tanaka។ ក្រុមនិស្សិតឥណ្ឌូណេស៊ីដែលរៀននៅសាកលវិទ្យាល័យ បានចេញធ្វើបាតុកម្មប្រឆាំងគម្រោង វិនិយោគរបស់ជប៉ុននៅឥណ្ឌូណេស៊ី បដិសេធដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន បង្កើតភាពចលាចល យ៉ាងខ្លាំង ហើយបានរីករាលដាលចេញក្រៅបរិវេណសាកលវិទ្យាល័យដោយបានញុះញង់ដោយចេតនាដល់ហ្វូងកុបករ ដែលជាកម្មករក្នុងទីក្រុងឱ្យបំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាផលិតផលរបស់ជប៉ុន (រួមទាំងរថយន្តToyota ដែលដំឡើង នៅឥណ្ឌូណេស៊ី) និងដុតកម្ទេចអគារផ្សារថ្មីមួយក្នុងតំបន់ Senen (pasar Senen) នៅកណ្តាលទីក្រុងហ្សាការតា។ មេដឹកនាំនិស្សិតត្រូវបានចាប់ឃុំខ្លួនសួរចម្លើយ និងមនុស្សជាច្រើននាក់ទៀតត្រូវបានចោទប្រកាន់ពីបទវិទ្ធង្សនា ជា ពិសេស លោក Hariman Siregar ប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី និងអ្នកសេដ្ឋកិច្ចវ័យក្មេង លោក Sjahrir S.E.។ ការចោទប្រកាន់ដំបូងៗប្រឆាំងនឹងសកម្មជនតាមសាកលវិទ្យាល័យ គឺចោទពួកគេថាបាន ចូលរួមជាមួយក្រុមឆ្វេងនិយមនៃគណបក្ស PSI (Partai Sosialis Indonesia) គឺជាគណបក្សសង្គមនិយមឥណ្ឌូណេស៊ី ដែលត្រូវបានរំលាយចោល ត្រូវបានចោទប្រកាន់ថាជាមេខ្លោងនៅពីក្រោយការធ្វើបាតុកម្មបស់និស្សិតក្នុងគោលបំណង ផ្តួលរំលំរដ្ឋាភិបាលសណ្តាប់ធ្នាប់ថ្មី។ ដូច្នេះហើយ អ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការបោសសម្អាតដោយ យោធា និងនគរបាល រួមមានបញ្ញវន្ត “សង្គមនិយម” ដូចជាលោក Sarbini Sumawinata និងលោក Soebadio Sastrosatomo ដែលអ្នកទាំងពីរត្រូវបានដាក់ពន្ធនាគារជាងពីរឆ្នាំ ដោយគ្មានដំណើរការនីតិវិធីតុលាការត្រឹមត្រូវ (Thee Kian Wie, 2007) រួមជាមួយបញ្ញវន្ត និងមេធាវីសិទ្ធិមនុស្សជាច្រើននាក់ទៀតដូចជាលោក Adnan Buyung Nasution និងលោក Haji Princen។

ការពិពណ៌នាអំពីដំណាក់កាលនៃការសួរចម្លើយ គឺផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនក្នុងអំឡុងពេលនៃការសួរចម្លើយ យ៉ាងតឹងរ៉ឹងជាច្រើនជុំ ដែលត្រូវបានគាំទ្របន្ថែមដោយធ្វើការប្រៀបធៀបជាមួយនឹងអ្វីដែលអ្នកដទៃបានឆ្លងកាត់ ក៏ដូច ជាសវនាការរបស់លោក Hariman Siregar  និងលោក Sjahrir S.E.។ ក្នុងអំឡុងពេលវគ្គសួរចម្លើយបឋមនៅទី បញ្ជាការដ្ឋាននគរបាលយោធា (POM) ក្នុងទីក្រុងហ្សាការតា សំណួរជាច្រើនហាក់ដូចជាត្រូវបានរៀបចំឡើងដើម្បីទាញ យកចម្លើយដែលបង្ហាញពីភស្តុតាងនៃអំពើឃុបឃិតជាមួយក្រុមឆ្វេងនិយម PSI សំណួរខ្លះបានព្យាយាមស្វែងរក ទំនាក់ទំនងជាមួយបណ្តាញសម្ងាត់កុម្មុយនីស្ត។ សកម្មជនដែលមិនទាន់ត្រូវបានចាប់ខ្លួនបាននាំគ្នារត់ពួននៅក្រោម ដីដោយសារតែការភ័យខ្លាច។

ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការសួរចម្លើយជាបន្តបន្ទាប់ ដែលធ្វើឡើងដោយការិយាល័យរដ្ឋអាជ្ញា (Kejaksaan) គំរូនៃការពិពណ៌នាមួយបានលេចចេញឡើង ដែលផ្តល់ជាគោលការណែនាំក្នុងដំណាក់កាលទីពីរនៃ ការស៊ើបអង្កេតក្នុងគោលបំណងបង្កើតភស្តុតាង និងសាក្សីសំខាន់ៗសម្រាប់សវនាការ។ គំរូនេះបានក្លាយជាការពិពណ៌នា ដែលត្រូវបានគេយកទៅចែកចាយបន្តយ៉ាងទូលំទូលាយ ហើយបានក្លាយជាគំរូសម្រាប់សារព័ត៌មានជាច្រើនរហូត មកដល់សព្វថ្ងៃ។

Crowds on the streets during the 15 January 1974 “Malari” riots. Wikimedia Commons

នៅពេលដំរីជល់គ្នា សត្វក្តាន់ញ៉ែងត្រូវគេជាន់

ក្នុងអំឡុងពេលនៃការសួរចម្លើយដោយរដ្ឋអាជ្ញា សាក្សីដែលសំខាន់ៗ និងបុគ្គលដែលជាប់ពាក់ពន្ធ័ត្រូវបានគេផ្តល់កម្រង សំណួរដ៏វែងមួយឱ្យបំពេញ។ តាមបទពិសោធន៍ផ្ទាល់ខ្លួន ទោះបីជាខ្ញុំបានគេចផុតពីការឃុំខ្លួនក៏ដោយ ក៏ព្រះរាជអាជ្ញា បានប្រើទម្រង់នៃសម្ពាធផ្សេងៗ ដើម្បីព្យាយាមបង្ខំឱ្យឆ្លើយចម្លើយដែលគេបានកំណត់ទុកជាមុនសម្រាប់សំណួរ ទាំងនោះ។ ការដាក់សម្ពាធនេះរួមមាន ការចាក់សោរឱ្យនៅក្នុងបន្ទប់ដាច់ដោយឡែកតែម្នាក់ឯងជាច្រើនម៉ោង និង ការគំរាមកំហែងថានឹងត្រូវជាប់ពន្ធនាគារជាមួយក្រុម Gerwani (ក្រុមចលនាស្ត្រីឥណ្ឌូណេស៊ីដែលគាំទ្រគណបក្ស កុម្មុយនីស្តឥណ្ឌូណេស៊ី PKI ស្ត្រីជាច្រើននាក់ត្រូវបានចាប់ខ្លួនដោយគ្មានហេតុផលច្បាស់លាស់ រងការរំលោភបំពាន ការធ្វើទារុណកម្ម និងត្រូវបានឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំ)។ នៅពេលដែលវិធីសាស្ត្រនោះមិនទទួលបានចម្លើយ ដូចការរំពឹងទុក ព្រះរាជអាជ្ញាបានបង្ហាញក្រាហ្វិកមួយដែលពន្យល់ពីសេណារីយ៉ូនៃការសួរចម្លើយដើម្បីទទួលបាន ភស្តុតាង។ ក្រាហ្វិកនេះបានប្រើប្រាស់អភូតកថាមួយ ដែលប្រជាជនអាស៊ីអាគ្នេយ៍ភាគច្រើនធ្លាប់លឺ៖ ដំរីពីរក្បាល ជល់គ្នា សត្វក្តាន់ញ៉ែងតូចតាច (pelanduk) គឺជាអ្នកដែលរងគ្រោះជាងគេ។ ដំរីទាំងពីរតំណាងឱ្យបក្សពួកផ្សេងគ្នា នៅក្នុងជួរកងទ័ព៖ ម្ខាងគឺក្រុមដែលស្ថិតនៅក្រោមបញ្ជាការដ្ឋានសន្តិសុខរដ្ឋ (Pangkopkamtib) របស់ឧត្តមសេនីយ៍ (Sumitro Sastrodihardjo) ហើយម្ខាងទៀតគឺជាក្រុមកងទ័ពដែលស្មោះត្រង់នឹងស៊ូហារតូ (Suharto) គឺក្រុម ASPRI (ជំនួយការផ្ទាល់) ដែលមានឧត្តមសេនីយ៍ Ali Murtopo ជាប្រធានក្រុម និងទទួលបន្ទុកផ្នែកចារកម្មពិសេសប្រឆាំង ទៅនឹងអង្គភាពចារកម្មក្រោមការគ្រប់គ្រងរបស់លោក Sumitro Sastrodihardjo។ សត្វក្តាន់ញ៉ែង តំណាងឱ្យ និស្សិត  និងបញ្ញវន្ត ជាជនរងគ្រោះដែលជាប់គាំងនៅក្នុងការប្រយុទ្ធមួយដែលពួកគេមិនបានបង្កើតឡើង។

ច្បាស់ណាស់ថា ប្លង់នៃការសំដែងបានផ្លាស់ប្តូរចេញឆ្ងាយពីគណបក្ស PSI ហើយបានផ្តោតកាន់តែខ្លាំងឡើងទៅលើ បក្សពួកផ្សេងៗនៅក្នុងជួរកងទ័ព។ តើការផ្លាស់ប្តូរដំណើររឿងនេះជាកលល្បិចរបស់លោកស៊ូហារតូ ដើម្បីទទួលបានការ គ្រប់គ្រងពេញលេញបន្ថែមទៀតលើកងទ័ព និងចារកម្មមែនទេ? ក្រុម ASPRI គឺជាគោលដៅនៃការរិះគន់របស់ ក្រុមនិស្សិតអំពីការខ្វះតម្លាភាព និងការប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការប្រមូលមូលនិធិ ដែលមានប្រភពពីរដ្ឋ និងវិស័យឯកជននានា។ ដើម្បីឆ្លើយតបនឹងការរិះគន់នេះ នៅចុងខែមករា ឆ្នាំ១៩៧៤ លោកស៊ូហារតូបានរំសាយក្រុម នេះចោល។ សវនាការនិស្សិតមួយចំនួននៅតែបន្ត ប៉ុន្តែសកម្មជននិស្សិត និងបញ្ញវន្តភាគច្រើនមិនដែលត្រូវបាននាំ ខ្លួនមកកាត់ទោសឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបទមួយដែលបានកើតឡើងក្នុងអំឡុងពេលសវនាការ គឺការញុះញង់ដោយចេតនាពីសំណាក់ក្រុម ASPRI ដែលបានប្រមូលផ្តុំក្រុមជើងកាងឱ្យធ្វើកុបកម្ម និងដុតមជ្ឈមណ្ឌល ផ្សារទំនើបនៅ Senen និងបានទម្លាក់កំហុសទៅលើលោក Hariman Siregar និងក្រុមនិស្សិតសាកលវិទ្យាល័យ ចំពោះសកម្មភាពនេះ ទោះបីជានិស្សិតទាំងនោះនៅឆ្ងាយពីកន្លែងកើតហេតុជាច្រើនម៉ាយនៅពេលដែលកុបកម្មបាន ផ្ទុះឡើងក៏ដោយ។

The diminutive Mousedeer. PHoto by You Le on Unsplash

ប្រតិបត្តិការសម្ងាត់កងទ័ពប្រភេទនេះ ត្រូវបានយកមកសំដែងបែបចំអកយ៉ាងឈ្លាសវៃនៅក្នុងរឿងល្ខោនដ៏អស្ចារ្យ មានចំណងជើងថា Semar Gugat  របស់ Nano Riantiarno ក្នុងឆ្នាំ១៩៩៥។ ប៉ុន្តែវាក៏បានបង្កើតជាគំរូមួយសម្រាប់ កងទ័ពក្នុងការបង្កើតភាពចលាចលតាមរយៈកុបកម្មបំផ្លិចបំផ្លាញ ជាពិសេសកុបកម្មនៅឆ្នាំ១៩៩៨ ក្នុងគោលបំណង រារាំងសកម្មភាពទ្រង់ទ្រាយធំរបស់និស្សិត និងកម្មករដែលទាមទារឱ្យលោកស៊ូហារតូលាលែងពីតំណែង។ (ភស្តុតាង ដោយផ្ទាល់នៃការជ្រៀតជ្រែកពីសំណាក់ថ្នាក់ដឹកនាំកំពូលក្នុងសវនាការ ត្រូវបានលាតត្រដាងឱ្យខ្ញុំបានដឹងពីភរិយា របស់ចៅក្រមម្នាក់ក្នុងសវនាការរបស់លោក Sjahrir ដែលបាននិយាយថា រៀងរាល់ព្រឹកមុនពេលបង្ហាញខ្លួននៅក្នុង តុលាការ ចៅក្រមត្រូវបានកោះហៅទៅកាន់ “Cendana” ដែលជាលំនៅដ្ឋានរបស់លោកស៊ូហារតូ ដើម្បីធ្វើរបាយការណ៍ សង្ខេប។)

នៅមានសំណួរមួយទៀតគឺ៖ ហេតុអ្វីបានជាគណបក្ស PSI ត្រូវបានកាត់ចេញពីរឿងរ៉ាវនៃភាពចលាចលក្នុងទសវត្សរ៍ ឆ្នាំ១៩៧០? យើងត្រូវពិនិត្យមើលលើទំនាក់ទំនងជុំវិញលោក Sumitro Djojohadikusumo ដែលជា​ព្រឹទ្ធបុរស មហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី និងជាស្ថាបនិកក្រុមអ្នកបច្ចេកទេស ដែលបានរៀបចំ គោលនយោបាយសេដ្ឋកិច្ចសណ្តាប់ធ្នាប់ថ្មីបែបសេរីនិយម បានលុបចោលផែនការរបស់លោក Sukarno ក្នុងការធ្វើ ជាតូបនីយកម្មនៃការវិនិយោគពីបរទេស ដោយផ្តោតជាពិសេសលើកម្មសិទ្ធិចម្ការសម័យអាណានិគម។

ក្នុងនាមជាឥស្សរជនដ៏សំខាន់ម្នាក់នៅក្នុងគណបក្ស PSI លោកបានជាប់ពាក់ព័ន្ធនឹងចលនា PRRI ដើម្បីផ្តាច់ខ្លួន ចេញពីលោក Sukarno ហើយបានភៀសខ្លួនទៅបរទេស។ បន្ទាប់ពីការដួលរលំរបស់លោក Sukarno លោកបាន ត្រឡប់មកវិញនៅឆ្នាំ១៩៦៧ ដើម្បីក្លាយជាអ្នកមានអំណាចនៅពីក្រោយគោលនយោបាយសេដ្ឋកិច្ចនៃរបបសណ្តាប់ ធ្នាប់ថ្មី (Nasution, 1992; Subiyantoro, 2006)។ ច្បាប់ទីមួយ ដែលត្រូវបានប្រកាសឱ្យប្រើដោយសភា បណ្តោះអាសន្ន ដែលជាអំណាចកំពូលក្នុងប្រទេសបន្ទាប់ពីបានបោសសម្អាតក្រុម PKI គឺច្បាប់លេខ១ ឆ្នាំ១៩៦៧ ស្តីពីការវិនិយោគពីបរទេស ដែលបានរុះរើគោលនយោបាយរបស់លោក​ Sukarno  ឆ្ពោះទៅរកសេដ្ឋកិច្ចជាតិដែល ទទួលបានការគាំទ្រពីក្រុម PKI ហើយបានបើកចំហឱ្យឥណ្ឌូណេស៊ីទទួលការវិនិយោគផ្ទាល់ពីបរទេស។ នៅពេល ដែលជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលឆ្លៀតឱកាសទាញយកប្រយោជន៍ពីការបើកចំហនេះ ប្រទេសជប៉ុនគ្រាន់តែជាតំណាងឱ្យការធ្វើអាជីវកម្មបែបមូលធននិយមទាំងស្រុងលើធនធានធម្មជាតិ និងធនធាន មនុស្សរបស់ឥណ្ឌូណេស៊ីប៉ុណ្ណោះ។ អ្នកដែលកំពុងរង់ចាំឱកាសគឺក្រុមហ៊ុន Freeport MacMoran ដែលជាក្រុមហ៊ុន បរទេសដំបូងគេមួយទទួលបានសិទ្ធិធ្វើអាជីវកម្មរ៉ែទង់ដែង និងមាសនៅ​​ West Papua (Poulgrain, 1998)។

Grasberg mine open pit. the largest gold mine and the third largest copper mine in the world. It is located in the province of Papua in Indonesia. Wikimedia Commons

ការពង្រឹងសាមគ្គីភាពយោធា រួមផ្សំជាមួយនឹងគោលនយោបាយសេរីនិយមថ្មីដែលបានប្រើប្រាស់ក្រុមមនុស្សសំខាន់ៗ និងការបំភ្លៃស្មារតី ព្យុះនៃការជម្រុញទឹកចិត្តរបស់ Kartini នៅតែជាគំរូជាមូលដ្ឋានមួយនៃអភិបាលកិច្ចនៅឥណ្ឌូណេស៊ី ដែលនៅតែបន្តមានវត្តមានជាមួយនឹងការឡើងកាន់អំណាចរបស់ឧត្តមសេនីយ៍ (ចូលនិវត្តន៍) Prabowo Subianto ដែលជាកូនប្រុសរបស់លោក Sumitro Djojohadikusumo រួមមានការពង្រីក និងការធ្វើសន្តិសុខនីយកម្មគម្រោង វិនិយោគខ្នាតធំ និងការដាក់ឱ្យយោធាឥណ្ឌូណេស៊ីចូលរួមអន្តរាគមន៍ដោយផ្ទាល់ និងដោយប្រយោលក្នុងរដ្ឋាភិបាល ដែលត្រឡប់មកវិញបានដោយសារការធ្វើវិសោធនកម្មទៅលើច្បាប់ស្តីពីយោធាឥណ្ឌូណេស៊ីឆ្នាំ២០០៤ ដែលត្រូវបាន អនុម័តដោយសភាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ហើយត្រូវបាននិស្សិត និងបញ្ញវន្តដែលធ្វើការតវ៉ាចាត់ទុក ថាជាការវិលត្រឡប់មកវិញនៃមុខងារពីររបស់យោធា (Tempo.co. 2025)។

សម្រាប់អ្នកប្រវត្តិសាស្ត្រ រូបភាព របស់ Walter Benjamin (១៩៦៩) គឺជាទេវតានៃប្រវត្តិសាស្ត្រ (Angelus Novus) បានក្លាយជានិមិត្តរូបមួយដើម្បីពិចារណាអំពីទំនាក់ទំនងផ្ទុយគ្នាដ៏ចម្លែករវាងមហន្តរាយ និងវឌ្ឍនភាព។ រូបភាពនៃ ទេវតាដែលបែរមុខទៅក្រោយ ដែលត្រូវបានរុញច្រានដោយខ្យល់ព្យុះដ៏ខ្លាំងក្លានៃការផ្លាស់ប្តូរក្រោយពេលភ្ញាក់ពីដេក បានមើលឃើញតែការបំផ្លិចបំផ្លាញដែលបន្សល់ទុក បានផ្តល់នូវសញ្ញាទាំងភាពភ័យរន្ធត់ និងក្តីសង្ឃឹមនៃសម័យទំនើប ដែលស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម។ នៅក្នុងរូបភាពនេះ ព្យុះ ឬភាពចលាចល ហាក់ដូចជានាំទៅរកភាពទាល់ច្រក។

ទោះបីជាទេវតាហាក់ដូចជាគ្មានជួយអីបានក៏ដោយ Walter Benjamin មើលឃើញក្តីសង្ឃឹមនៅក្នុងអ្វីដែលលោក ហៅថា “ការចងចាំដោយមានគោលបំណង” ជាសកម្មភាពប្រឆាំងនឹងកម្លាំងដែលរុញច្រានឆ្ពោះទៅរកការបំភ្លេចចោល។ អត្ថបទខ្លីនេះគឺជាសកម្មភាពនៃការចងចាំដោយមានគោលបំណង៖ ដើម្បីជួបនឹងក្តីសង្ឃឹមនៅក្នុងសកម្មភាពនៃការ ស្តារឡើងវិញនូវសំឡេងពេញលេញរបស់ Kartini និងឱបក្រសោបអំណាចនៃការផ្លាស់ប្តូររបស់ភាពចលាចល។

Sylvia Tiwon
Sylvia Tiwon ជាប្រធាន និងជាសាស្ត្រាចារ្យរងនៃកម្មវិធីសិក្សាអាស៊ីអាគ្នេយ៍នៅ University of California, Berkeley។ គាត់ បានរៀនចប់ថ្នាក់បណ្ឌិតលើការសិក្សាអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ពី University of California, Berkeley។ មុនពេល ទទួលបានសញ្ញាបត្របណ្ឌិត គាត់បានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសពី Stanford University និង University of Indonesia។ ចំណាប់អារម្មណ៍ស្រាវជ្រាវរបស់គាត់ មានដូចជា អន្តរកម្មនៃសង្គម នយោបាយ និងអក្សរសាស្ត្រ ដោយផ្តោតលើការនិទានអក្ខរកម្ម និងការសិក្សាអំពីយេនឌ័រ។ ការបោះពុម្ពសំខាន់ៗរបស់គាត់រួមមាន Breaking the Spell: Colonialism and Literary Renaissance (1999) និង Trajectories of Memory: Excavating the Past in Indonesia, co-edited with Melani Budanta (2023)។ គម្រោងបច្ចុប្បន្នរបស់គាត់ផ្តោតលើការប្រណាំងប្រជែង សោភ័ណភាពអក្សរសាស្ត្រ និងអញ្ញថាភាពនៃការចាប់ពង្រាត់នៅក្នុង ប្រទេសឥណ្ឌូនេស៊ី។

References

Benjamin, Walter. 1969.  Illuminations.  New York: Schocken Books.
Kartini, R.A. 1912. Door Duisternis Tot Licht.  ‘S Gravenhave: Luctor et Emergo. 
Nasution, Adnan Buyung, 1992.  The Aspiration for Constitutional Government in Indonesia.  Jakarta: Pustaka Sinar Harapan.
Poulgrain, Greg. 1998.  The Genesis of Konfrontasi.  London: C. Hurst.
Riantiarno, N.  1995.  Semar Gugat.  Yogyakarta: Yayasan Bentang Budaya. 
Subiyantoro, Bambang, ed. 2006.  Negara Adalah Kita. Jakarta: Prakarsa Rakyat.
Suryakusuma, Julia. 1996.  “State and Sexuality in New Order Indonesia.”  in Laurie Sears, ed. Fantasizing the Feminine.  Durham: Duke University Press.
Tempo.co. 2025, https://www.tempo.co/cekfakta/keliru-klaim-bahwa-revisi-uu-tni-tidak-mengembalikan-dwifungsi-abri-1225197
Thee Kian Wie, 2007.  “In Memoriam Professor Sarbini Sumawinata, 1918-2007.”  Economics and Finance in Indonesia, Vol 55 (1).
Toer, Pramoedya Ananta. 1997.  Panggil Aku Kartini Saja.  Jakarta: Hasta Mitra.