ការប្រែប្រួលអាកាសធាតុបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិបុលភាព និងសន្តិសុខរយៈពេលវែងរបស់អាស៊ីអាគ្នេយ៍។ នៅក្នុងការស្ទង់មតិស្ថានភាពអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ ដែលធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak អ្នកឆ្លើយសំណួរជាលើកដំបូងបានចាត់ថ្នាក់ការប្រែប្រួលអាកាសធាតុ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ជាបញ្ហាប្រឈមកំពូលដែលតំបន់កំពុងជួបប្រទះ ដោយបានវ៉ាដាច់បញ្ហាអត់ការងារធ្វើ និងវិបត្តិសេដ្ឋកិច្ច ដែលធ្លាប់ជាក្តីបារម្ភចម្បងរបស់ប្រជាជនអាស៊ីអាគ្នេយ៍ភាគច្រើនក្នុងរយៈពេលពីរឆ្នាំកន្លងមក (Seah et al., 2025)។ នៅក្នុងទស្សនវិស័យអាកាសធាតុអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ ដែលបោះពុម្ពដោយវិទ្យាស្ថានដដែលនេះ ៦០ ភាគរយនៃអ្នកឆ្លើយសំណួរជឿថា ជីវិតរបស់ពួកគេនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុក្នុងរយៈពេល ១០ ឆ្នាំខាងមុខ (Seah et al., 2024) ។ ក្នុងចំណោមអ្នកដែលចាត់ទុកការប្រែប្រួលអាកាសធាតុជាការគំរាមកំហែងបន្ទាន់ អ្នកឆ្លើយសំណួរមកពីហ្វីលីពីន និងវៀតណាម បានបង្ហាញកម្រិតនៃការព្រួយបារម្ភខ្ពស់ជាងមធ្យមភាគក្នុងតំបន់។
គ្រោះថ្នាក់ដែលបង្កឡើងដោយអាកាសធាតុ ប៉ះពាល់មិនសមាមាត្រទៅលើសហគមន៍ដែលក្រីក្រ និងងាយរងគ្រោះបំផុត។ ជាឧទាហរណ៍ ការជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងប៉ះពាល់ដល់អ្នកស្រុកភាគច្រើនក្នុងទីក្រុងម៉ានីល (Metro Manila) ប៉ុន្តែសហគមន៍ក្រីក្រក្នុងទីក្រុងប្រឈមនឹងហានិភ័យខ្ពស់ជាង ព្រោះពួកគេច្រើនតែរស់នៅក្នុងតំបន់ងាយរងគ្រោះដោយទឹកជំនន់។ សហគមន៍ទាំងនេះក៏ងាយរងគ្រោះជាងដែរ ដោយសារពួកគេខ្វះមធ្យោបាយដើម្បីងើបឡើងវិញពីគ្រោះមហន្តរាយ និងអាសន្នផ្សេងៗ។ កាលពីពេលថ្មីៗនេះ ទឹកជំនន់ឥតឈប់ឈរបានធ្វើឱ្យមនុស្សជាច្រើនខឹងសម្បារ និងនាំឱ្យមានការអំពាវនាវឱ្យមានការស៊ើបអង្កេតលើគម្រោងគ្រប់គ្រងទឹកជំនន់ដែលមានភាពមិនប្រក្រតី។[1] នៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្យុះស៊ីក្លូន Mocha ក្នុងឆ្នាំ ២០២៣ និងព្យុះទីហ្វុង Yagi ក្នុងឆ្នាំ ២០២៤ បានធ្វើឱ្យស្ថានភាពជនជាតិភាគតិចកាន់តែអាក្រក់ទៅៗ ជាពិសេសស្ត្រី និងកុមារី ដែលត្រូវបានជម្លៀសខ្លួនដោយសារជម្លោះកើនឡើងរវាងយោធា និងអ្នកប្រឆាំងនឹងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ (Bauchner, 2023; Relief Web, 2024)។ ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃផលប៉ះពាល់កម្រិតទីមួយនៃការប្រែប្រួលអាកាសធាតុដែលគំរាមកំហែងដល់សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ លើសពីផលប៉ះពាល់ចម្បង ទំនាក់ទំនងរវាងអាកាសធាតុ និងសន្តិសុខ (climate-security nexus) បាននាំឱ្យមានការគិតគូរពីលទ្ធភាពដែលការប្រែប្រួលអាកាសធាតុបង្ក ឬធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវការផ្លាស់ទីលំនៅដោយបង្ខំ ចលាចលស៊ីវិល ជម្លោះ និងការគំរាមកំហែងសន្តិសុខផ្សេងទៀត (McDonald, 2013)។ ប្រសិនបើផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុមិនត្រូវបានដោះស្រាយទេនោះ សមិទ្ធផលដែលអាស៊ានទទួលបានដោយលំបាក ដែលនាំមកនូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចថេរ នឹងស្ថិតក្នុងគ្រោះថ្នាក់។
អត្ថបទនេះផ្តោតលើការវិវត្តថ្មីៗនៅក្នុងអាស៊ាន ស្តីពីអភិបាលកិច្ចបម្រែបម្រួលអាកាសធាតុ និងរបៀបដែលទិដ្ឋភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់។ វាក៏រួមបញ្ចូលផងដែរនូវកិច្ចខិតខំប្រឹងប្រែង និងផែនការបច្ចុប្បន្នរបស់ហ្វីលីពីនទាក់ទងនឹងការបន្ធូរបន្ថយ ការបន្ស៊ាំ និងការទូតអាកាសធាតុ ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន និងរួមចំណែកដល់អភិបាលកិច្ចអាកាសធាតុក្នុងតំបន់។ បើពិនិត្យតាមទស្សនៈនៃសន្តិសុខមិនមែនប្រពៃណី ការប្រែប្រួលអាកាសធាតុគំរាមកំហែងមិនត្រឹមតែសន្តិសុខរដ្ឋ និងស្ថិរភាពតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរស់រានមានជីវិតរបស់សហគមន៍ដែលងាយរងគ្រោះផងដែរ។
អភិបាលកិច្ចបម្រែបម្រួលអាកាសធាតុក្នុងអាស៊ាន
ដោយសារប្រទេសនានាក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់អាកាសធាតុស្រដៀងគ្នា យុទ្ធសាស្ត្រតំបន់អាចបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនតាមរយៈកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយ និងការបង្កើនភាពធន់នឹងហានិភ័យអាកាសធាតុតាមរយៈវិធានការបន្ស៊ាំ។ ផលប៉ះពាល់រយៈពេលវែងនៃការប្រែប្រួលអាកាសធាតុមានន័យថា អាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគំនិតផ្តួចផ្តើមក្នុងតំបន់។ អាស៊ានមានការឆ្លើយតបគួរឱ្យកត់សម្គាល់ក្នុងនាមជាប្លុកមួយ ក្នុងការទទួលស្គាល់បញ្ហាប្រែប្រួលអាកាសធាតុ។ អង្គការនេះបានចេញសេចក្តីថ្លែងការណ៍រួមតាំងពីឆ្នាំ ២០០៧ ដោយកំណត់គោលដៅ និងផលប្រយោជន៍រួម។ កិច្ចសន្ទនាក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅដែលចាប់អារម្មណ៍ បាននឹងកំពុងបន្តដោយដាក់បញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ានជាច្រើន។ ដើម្បីសម្រេចបាននូវអន្តរកាលដ៏យុត្តិធម៌ឆ្ពោះទៅរកកំណើនកាបូនទាប ការពិចារណាចម្បងរបស់អាស៊ានគឺការជំរុញសកម្មភាពអាកាសធាតុដែលគាំទ្រ និងមិនរារាំងដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច។
រដ្ឋសមាជិកអាស៊ានទាំងអស់បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ និងបានដាក់ចេញនូវផែនការជាតិរៀងៗខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ផែនការទាំងនេះភាគច្រើនសង្កត់ធ្ងន់លើការបន្ធូរបន្ថយការប្រែប្រួលអាកាសធាតុ ជាជាងការបន្ស៊ាំ និងភាពធន់។ លើសពីនេះ សមត្ថភាពបទប្បញ្ញត្តិមិនគ្រប់គ្រាន់ និងមូលនិធិមានកម្រិត បានរារាំងការអនុវត្តពេញលេញនៃផែនការទាំងនេះ (Krishnan et al., 2024)។ ទោះបីជាមានក្របខ័ណ្ឌ និងយន្តការតំបន់ស្តីពីការប្រែប្រួលអាកាសធាតុក៏ដោយ ក៏រដ្ឋសមាជិកភាគច្រើននៅតែសម្រេចបានលទ្ធផលទាបជាងគោលដៅអាកាសធាតុរបស់ពួកគេ (Salazar & Katigbak, 2024)។ សន្ទស្សន៍សមិទ្ធផលបរិស្ថានឆ្នាំ ២០២៤ (2024 Environmental Performance Index) បានដាក់រដ្ឋសមាជិកអាស៊ានភាគច្រើននៅពាក់កណ្តាលផ្នែកខាងក្រោមនៃចំណាត់ថ្នាក់ពិភពលោកលើការបន្ធូរបន្ថយការប្រែប្រួលអាកាសធាតុ លើកលែងតែប្រទេសថៃ និងសិង្ហបុរី ដែលបង្ហាញពីតម្រូវការសម្រាប់គម្រោងកាត់បន្ថយការបំភាយឧស្ម័នឱ្យបានតឹងរ៉ឹងជាងមុន (Block et al., 2024)។ ចំពោះកិច្ចខិតខំប្រឹងប្រែងបន្ស៊ាំ សិង្ហបុរីហាក់ដូចជាមានភាពលេចធ្លោជាងគេក្នុងតំបន់ ដោយសារពិន្ទុភាពងាយរងគ្រោះទាប និងពិន្ទុត្រៀមខ្លួនខ្ពស់ យោងតាមសន្ទស្សន៍ប្រទេសរបស់ Notre Dame Global Adaptation Initiative។ ក្នុងចំណោមរដ្ឋសមាជិកទាំង ១០ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងហ្វីលីពីន មានពិន្ទុភាពងាយរងគ្រោះខ្ពស់ និងពិន្ទុត្រៀមខ្លួនទាប ដែលបង្ហាញពីតម្រូវការសម្រាប់សកម្មភាពបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យអាកាសធាតុ និងវិនិយោគបន្ថែមទៀតដើម្បីកែលម្អសមត្ថភាពបន្ស៊ាំ។
ដោយសារសមត្ថភាពហិរញ្ញវត្ថុមានកម្រិត រដ្ឋសមាជិកអាស៊ានត្រូវការជំនួយពីប្រទេសអភិវឌ្ឍន៍លើការប្រែប្រួលអាកាសធាតុ។ ហ្វីលីពីន និងឥណ្ឌូណេស៊ី បាននិងកំពុងសកម្មក្នុងការជំរុញឱ្យមានហិរញ្ញប្បទានអាកាសធាតុខ្ពស់ និងយុត្តិធម៌ជាងមុន ដើម្បីធានាបាននូវមូលនិធិប្រកបដោយសមធម៌ និងងាយស្រួលសម្រាប់ប្រទេសដែលងាយរងគ្រោះ (Antara News, 2025; Lo, 2024)។ សេចក្តីថ្លែងការណ៍រួមរបស់អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ នៅក្នុងសន្និសីទនៃភាគីលើកទី ២៩ (COP29) ដែលប្រារព្ធឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ បានលើកឡើងពីការព្រួយបារម្ភចំពោះវឌ្ឍនភាពយឺតយ៉ាវនៃកិច្ចពិភាក្សាស្តីពីហិរញ្ញប្បទានអាកាសធាតុ និងលំហូរមូលនិធិតិចតួចសម្រាប់ការបន្ស៊ាំអាកាសធាតុទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ ទោះបីជាមានកិច្ចព្រមព្រៀងនៅ COP29 សម្រាប់ប្រទេសអភិវឌ្ឍន៍ក្នុងការបង្កើនការផ្តល់ហិរញ្ញប្បទានអាកាសធាតុរបស់ពួកគេដល់ប្រទេសកំពុងអភិវឌ្ឍន៍ពី ១០០ ពាន់លានដុល្លារ ដល់ ៣០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំត្រឹមឆ្នាំ ២០៣៥ ក៏ដោយ ក៏នេះមានន័យថាប្រទេសកំពុងអភិវឌ្ឍន៍នៅតែត្រូវកៀរគរថវិការហូតដល់ ១,៣ ទ្រីលីនដុល្លារជារៀងរាល់ឆ្នាំពីវិស័យឯកជន និងប្រភពផ្សេងទៀតត្រឹមឆ្នាំ ២០៣៥។ អាស៊ានបានរួបរួមជាមួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតក្នុងការទាមទារថា ហិរញ្ញប្បទានអាកាសធាតុគួរតែមានទម្រង់ជាជំនួយឥតសំណង និងក្នុងកម្រិតតិចតួចជាកម្ចីដែលមានការប្រាក់ទាប ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើរដ្ឋាភិបាល។ ដោយសារភាពមិនគ្រប់គ្រាន់នៃលំហូរហិរញ្ញប្បទានអាកាសធាតុពីប្រទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុពហុភាគី រដ្ឋសមាជិកអាស៊ានត្រូវទាញយកប្រភពមូលនិធិផ្សេងទៀតសម្រាប់កម្មវិធីបន្ធូរបន្ថយ និងបន្ស៊ាំ។
ក៏មានការពិភាក្សាផងដែរអំពីការបង្កើតទីផ្សារពន្ធកាបូន។ សិង្ហបុរីកំពុងដឹកនាំគំនិតផ្តួចផ្តើមនេះ ទោះបីជារដ្ឋសមាជិកផ្សេងទៀតស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានៃការអភិវឌ្ឍគោលនយោបាយក៏ដោយ (Das, 2025)។ បច្ចុប្បន្ន មានតែសិង្ហបុរី និងឥណ្ឌូណេស៊ីប៉ុណ្ណោះដែលបានបង្កើតគោលនយោបាយកំណត់តម្លៃកាបូន (Rakhiemah et al., 2024)។ អាស៊ានក៏មានយុទ្ធសាស្ត្រសម្រាប់អព្យាក្រឹតភាពកាបូន ដើម្បីរំកិលតំបន់ឆ្ពោះទៅរកអន្តរកាលបៃតង ដែលមានសក្តានុពលក្នុងការបញ្ចេញអត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ចដ៏ធំធេង។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ អាស៊ានត្រូវការគាំទ្រសមាជិករបស់ខ្លួនក្នុងការដោះស្រាយចន្លោះប្រហោងនៃការអនុវត្តនៅក្នុងសកម្មភាពអាកាសធាតុរបស់ពួកគេ ជាពិសេសលើផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ និងការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព រួមទាំងការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាបញ្ចេញឧស្ម័នទាប និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ អាស៊ានក៏បានប្រកាសកាលពីខែសីហា ឆ្នាំ ២០២៣ អំពីការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការប្រែប្រួលអាកាសធាតុ (ACCC) នៅក្នុងប្រទេសប្រ៊ុយណេដារូសាឡឹម ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការសម្របសម្រួលលើគំនិតផ្តួចផ្តើមការប្រែប្រួលអាកាសធាតុ។
កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តទាំងអស់នេះ បញ្ជាក់ថាការឆ្លើយតបដ៏មានប្រសិទ្ធភាពរបស់អាស៊ានទាមទារឱ្យមានសកម្មភាពនៅគ្រប់កម្រិតនៃអភិបាលកិច្ច។ លក្ខណៈជាក់ស្តែងតាមមូលដ្ឋាននៃផលប៉ះពាល់អាកាសធាតុ តម្រូវឱ្យសកម្មភាពអាកាសធាតុប្រព្រឹត្តទៅទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងនោះ ការបន្ធូរបន្ថយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការកាត់បន្ថយការបំភាយឧស្ម័ន។ លើសពីគំរូ “ការបន្ធូរបន្ថយស្ថិតនៅកំរិតសកល ការបន្ស៊ាំវិញគឺនៅស្ថិតនៅមូលដ្ឋាន” (Burton, 2011, 481)។ កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ត្រូវតែសង្កត់ធ្ងន់លើលក្ខណៈឆ្លងដែននៃហានិភ័យអាកាសធាតុ ដែលគ្របដណ្តប់លើប្រព័ន្ធអេកូឡូស៊ីឆ្លងដែន និងធនធានរួម លំហូរនៃពាណិជ្ជកម្ម និងការវិនិយោគ និងប្រជាជន ជាដើម។
ការឆ្លើយតបរបស់ហ្វីលីពីនចំពោះបម្រែបម្រួលអាកាសធាតុ
សម្រាប់ហ្វីលីពីន គោលនយោបាយសន្តិសុខជាតិ ២០២៣-២០២៨ របស់ខ្លួនប្រកាសថា ភាពធន់នឹងការប្រែប្រួលអាកាសធាតុ គឺជាផលប្រយោជន៍សន្តិសុខជាតិ ដោយទទួលស្គាល់ថាគ្រោះថ្នាក់ដែលបង្កឡើងដោយអាកាសធាតុ និងភូមិសាស្ត្រ អាចធ្វើឱ្យប្រព័ន្ធ សង្គម-នយោបាយ និងសេដ្ឋកិច្ចអស្ថិរភាព។ ដូច្នេះ ការពង្រឹងការត្រៀមលក្ខណៈសម្រាប់អាកាសធាតុ និងគ្រោះមហន្តរាយ និងការទប់ស្កាត់ការរិចរិលបរិស្ថាន គឺជាវិធានការចាំបាច់ដើម្បីកាត់បន្ថយការគំរាមកំហែងដល់សុខុមាលភាព ដែលជាស្នូលនៃសន្តិសុខជាតិ។
ផែនការបន្ស៊ាំជាតិ (NAP) ២០២៣-២០៥០ មានគោលបំណងកសាងភាពធន់ កាត់បន្ថយការបាត់បង់ និងការខូចខាតដែលទាក់ទងនឹងអាកាសធាតុ និងពង្រឹងសមត្ថភាពបន្ស៊ាំនៃវិស័យសំខាន់ៗ។ ផែនការបន្ស៊ាំជាតិ (NAP) ក៏បានកំណត់យុទ្ធសាស្ត្រដែលទទួលស្គាល់ទិដ្ឋភាពអន្តរវិស័យនៃការបន្ស៊ាំ៖ (១) កែលម្អភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (២) ការពារជីវភាពរស់នៅរបស់ប្រជាជនដោយប្រើបណ្តាញសុវត្ថិភាពសង្គម និងគោលនយោបាយឆ្លើយតបនឹងអាកាសធាតុ (៣) បើកលទ្ធភាពឱ្យរដ្ឋាភិបាលមូលដ្ឋាន និងសហគមន៍អនុវត្តដំណោះស្រាយ (៤) លើកកម្ពស់កិច្ចសហការក្នុងចំណោមអ្នកពាក់ព័ន្ធ អ្នកបង្កើតគោលនយោបាយ និងស្ថាប័ននានា និង (៥) ផ្តល់អាទិភាពដល់ដំណោះស្រាយផ្អែកលើធម្មជាតិនៅកន្លែងដែលអាចធ្វើទៅបាន។ ចំពោះការបន្ធូរបន្ថយអាកាសធាតុ ហ្វីលីពីនបានរៀបចំផ្លូវឆ្ពោះទៅរកកំណើនកាបូនទាបជាមុខងារនៃការបន្ស៊ាំ។ វាបានកំណត់ ៧២ ភាគរយនៃការរួមចំណែកដែលកំណត់ដោយថ្នាក់ជាតិ (NDCs) របស់ខ្លួន អាស្រ័យលើជំនួយអន្តរជាតិតាមរយៈហិរញ្ញប្បទានអាកាសធាតុ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍសមត្ថភាព។ ដូច្នេះ ការសម្រេចបាននូវការរួមចំណែកដែលកំណត់ដោយថ្នាក់ជាតិ(NDCs)របស់ខ្លួន តម្រូវឱ្យមានការប្រើប្រាស់ការទូតដើម្បីបង្កើតភាពជាដៃគូដែលគាំទ្រដល់គោលដៅអាកាសធាតុរបស់ខ្លួន។
លើផ្នែកការទូតអាកាសធាតុ ហ្វីលីពីនបានដឹកនាំគំនិតផ្តួចផ្តើមមួយចំនួនដូចជា ការធ្វើជាប្រទេសម្ចាស់ផ្ទះសម្រាប់ក្រុមប្រឹក្សាមូលនិធិសម្រាប់ការឆ្លើយតបនឹងការបាត់បង់ និងការខូចខាត (FrLD) និងការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួមជាមួយប្រទេសចំនួន ៩០ ផ្សេងទៀត ផ្តល់ការណែនាំផ្នែកច្បាប់ច្បាស់លាស់អំពីកាតព្វកិច្ចរបស់រដ្ឋដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ការពារសិទ្ធិមនុស្ស និងលើកកម្ពស់សន្តិសុខសកល។ នៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) ហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើជាប្រទេសម្ចាស់ផ្ទះនៃក្រុមប្រឹក្សាមូលនិធិសម្រាប់ការឆ្លើយតបនឹងការបាត់បង់ និងការខូចខាត(FrLD) ។ មូលនិធិនេះដាក់ឱ្យដំណើរការនូវជំនួយអន្តរជាតិដល់ប្រទេសដែលងាយរងគ្រោះក្នុងការឆ្លើយតបទៅនឹងការបាត់បង់ និងការខូចខាតសេដ្ឋកិច្ច និងមិនមែនសេដ្ឋកិច្ចដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដូចជាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។ ប្រធានាធិបតី Ferdinand Marcos, Jr. បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតបន្ទាន់មួយក្នុងខែសីហា ឆ្នាំ ២០២៤ ដោយផ្តល់បុគ្គលិកលក្ខណៈច្បាប់ និងសមត្ថភាពដល់ក្រុមប្រឹក្សាមូលនិធិសម្រាប់ការឆ្លើយតបនឹងការបាត់បង់ និងការខូចខាត (FrLD) ។ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញមតិផ្តល់ប្រឹក្សាជាប្រវត្តិសាស្ត្រ ដែលចែងថា រដ្ឋភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) មានកាតព្វកិច្ចអនុម័តវិធានការស្តីពីការបន្ធូរបន្ថយ និងការបន្ស៊ាំអាកាសធាតុ ហើយភាគីឧបសម្ព័ន្ធទី ១ ឬប្រទេសអភិវឌ្ឍន៍គួរតែដឹកនាំសកម្មភាពអាកាសធាតុ ក្នុងចំណោមចំណុចផ្សេងៗទៀត។ ស្របតាមកិច្ចខិតខំប្រឹងប្រែងការទូតទាំងនេះ សមាជិកព្រឹទ្ធសភាហ្វីលីពីន Loren Legarda បានស្នើឱ្យប្រទេសនេះដើរតួនាទីឈានមុខគេក្នុងសកម្មភាពអាកាសធាតុសកល ស្រដៀងទៅនឹងការអំពាវនាវឱ្យមានសកម្មភាពទីក្រុងម៉ានីលឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥។
អាកាសធាតុ និងភូមិសាស្ត្រនយោបាយ
កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងថ្នាក់តំបន់ទាំងអស់នេះ កំពុងកើតឡើងក្នុងបរិបទនៃការប្រកួតប្រជែងមហាអំណាចរវាងអាមេរិក និងចិន ដែលប៉ះពាល់ដល់តំបន់ដោយបង្កឱ្យមានភាពតានតឹងភូមិសាស្ត្រនយោបាយ ក្តីបារម្ភផ្នែកសន្តិសុខជាតិ និងបញ្ហាប្រឈមភូមិសាស្ត្រសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ការដាក់ពន្ធគយបដិការដោយសហរដ្ឋអាមេរិក និងពន្ធសងសឹកពីរដ្ឋផ្សេងទៀត នឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាស្អាតសកល។ កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិនលើការប្រែប្រួលអាកាសធាតុគឺជាការចាំបាច់ ប៉ុន្តែការទុកបញ្ហាប្រែប្រួលអាកាសធាតុនៅក្រៅរបៀបវារៈទ្វេភាគី អាមេរិក-ចិន និងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាការថយក្រោយដ៏ធំនៅក្នុងសកម្មភាពអាកាសធាតុក្នុងតំបន់ និងសកលលោក។ ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសនៅក្នុងតំបន់ នឹងទទួលបានផលប្រយោជន៍ច្រើន ប្រសិនបើចិន និងសហរដ្ឋអាមេរិកអាចរួមគ្នាដឹកនាំដើម្បីជំរុញវឌ្ឍនភាពអាកាសធាតុសកល។
ប្រធានាធិបតីអាមេរិក Donald Trump ក៏បានលុបចោលការសន្យាមុននេះក្នុងការផ្តល់ថវិកាចំនួន ៤ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង (Green Climate Fund) (Mathiesen, 2025) ដែលជាការបង្កើតគំរូសម្រាប់ប្រទេសអភិវឌ្ឍន៍ផ្សេងទៀតឱ្យធ្វើដូចគ្នា។ បន្ទាប់ពីការទទូចរបស់ប្រធានាធិបតី Trump រដ្ឋសមាជិកនៃអង្គការណាតូ (NATO) បានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេដល់ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ពួកគេត្រឹមឆ្នាំ ២០៣៥ (Letzing, 2025)។ ទោះបីជាសមាជិកណាតូមិនអនុវត្តតាមការប្តេជ្ញាចិត្តនេះក៏ដោយ ក៏រដ្ឋាភិបាលអឺរ៉ុបជាច្រើនឥឡូវនេះទទួលស្គាល់ថាពួកគេត្រូវតែបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ពួកគេ។ ដើម្បីធ្វើដូច្នោះ រដ្ឋាភិបាលទាំងនេះនឹងត្រូវកាត់បន្ថយការចំណាយផ្សេងទៀត។ ការបែងចែករបស់ពួកគេសម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងហិរញ្ញប្បទានអាកាសធាតុនឹងរងផលប៉ះពាល់យ៉ាងពិតប្រាកដ។ បើគ្មានជំនួយពីអឺរ៉ុប និងសហរដ្ឋអាមេរិកទេ មូលនិធិ និងបច្ចេកវិទ្យាដែលមាននឹងកាន់តែតិចទៅៗ ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់រដ្ឋនៅអាស៊ីអាគ្នេយ៍ក្នុងការកៀរគរធនធានដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុរបស់ពួកគេ។
ខណៈពេលដែលអ្នកវិភាគ និងអ្នកប្រាជ្ញភាគច្រើនចាត់ទុកការប្រែប្រួលអាកាសធាតុជាកត្តាបង្កើនការគំរាមកំហែង (threat multiplier) ឬជាបញ្ហាដែលត្រូវដោះដូរ (tradeoff) ជាមួយនឹងអាទិភាពយោធា និងសេដ្ឋកិច្ចផ្សេងទៀត ការប្រើប្រាស់របៀបគិតបែប “ទិដ្ឋភាពដែលត្រូវបានកែប្រែ” (altered landscape) ប្រហែលជាមានប្រយោជន៍សម្រាប់ការបោះជំហានទៅមុខ (Colgan, 2021)។ វិធីសាស្រ្ត ទិដ្ឋភាពដែលត្រូវបានកែប្រែ ដែលក្នុងនោះការប្រែប្រួលអាកាសធាតុមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកមួយ ប៉ុន្តែជាលក្ខខណ្ឌផ្ទៃខាងក្រោយដែលគ្របដណ្តប់ ដែលប៉ះពាល់ដល់បញ្ហាផ្សេងទៀតទាំងអស់ អាចជួយឱ្យអ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធអនុវត្តវិធីសាស្ត្រយុទ្ធសាស្ត្រ និងទូលំទូលាយជាងមុនក្នុងការចាត់ចែងកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងអន្តរជាតិ។ ក្របខ័ណ្ឌមានប្រយោជន៍មួយទៀតក្នុងការស្វែងយល់ពីការវិវត្តបច្ចុប្បន្ន គឺគោលគំនិតនៃសន្តិសុខអាកាសធាតុ (climate security) ដែលសមនឹងទទួលបានការយកចិត្តទុកដាក់នៅក្នុងសុន្ទរកថាផ្លូវការរបស់អាស៊ាន ដោយសារជម្លោះដែលមិនអាចជៀសផុតបានដែលកើតឡើងដោយសារផលប៉ះពាល់អាកាសធាតុ (Caballero-Anthony, 2024) និងផលប៉ះពាល់យ៉ាងទូលំទូលាយនៃការប្រកួតប្រជែងមហាអំណាចនៅក្នុងតំបន់។ ការពិនិត្យមើលការប្រែប្រួលអាកាសធាតុពីទស្សនៈប្រព័ន្ធ បង្ហាញពីភាពផ្សារភ្ជាប់គ្នា និងភាពស្មុគស្មាញនៃហានិភ័យចំពោះតំបន់ដែលងាយរងគ្រោះខ្លាំង។
Virgemarie A. Salazar
Virgemarie A. Salazar គឺជាជំនួយការសាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យហ្វីលីពីន Diliman។
Notes –
[1] មានការចោទប្រកាន់ថា សមាជិកសភាមួយចំនួនបានទទួលប្រាក់សំណូកយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគម្រោងគ្រប់គ្រងទឹកជំនន់ដែលមានតម្លៃថ្លៃហួសហេតុ ឬខ្វះគុណភាព (Santos, 2025)។
References –
Antara News. (2025, July 15). “Indonesia to Champion Climate Finance, Leadership at COP30.” https://en.antaranews.com/news/366393/indonesia-to-champion-climate-finance-leadership-at-cop30.
Bauchner, S. (2023, May 18). “Cyclone Mocha Devastates Myanmar’s Rohingya.” Human Rights Watch. https://www.hrw.org/news/2023/05/18/cyclone-mocha-devastates-myanmars-rohingya.
Block, S., Emerson, J., Esty, D. C., de Sherbinin, A., & Wendling, Z. (2024). 2024 Environmental Performance Index. Yale Center for Environmental Law & Policy. https://epi.yale.edu/downloads/2024-epi-report-20250106.pdf.
Burton, I. (2011). “Adaptation to Climate Change: Context, Status, and Prospects.” In, J. D. Ford & L. Berrang-Ford (Eds.), Climate Change Adaptation in Developed Nations, Vol. 42: 477–483. Springer Netherlands. https://doi.org/10.1007/978-94-007-0567-8_35.
Caballero-Anthony, M. (2024). “Climate Security in Southeast Asia: Navigating Concepts, Approaches and Practices.” Third World Quarterly, Vol.45(14): 2047–2064. https://doi.org/10.1080/01436597.2024.2370353.
Climate Change Commission. (2023). Implementation Plan for the Republic of the Philippines Nationally Determined Contributions 2020-2030. https://climate.gov.ph/knowledge/ph-ndc-implementation-plan-2020-2030.
Climate Change Commission. (2023a). National Adaptation Plan of the Philippines 2023-2050. https://climate.gov.ph/knowledge/ph-nap-2023-2050.
Colgan, J. (2021). Climate Change, Grand Strategy, and International Order. Wilson Center. https://diplomacy21-adelphi.wilsoncenter.org/article/climate-change-grand-strategy-and-international-order.
Das, S. (2025, February 22). “The Case for Carbon Taxes in Southeast Asia.” East Asia Forum. https://eastasiaforum.org/2025/02/22/the-case-for-carbon-taxes-in-southeast-asia/.
Krishnan, G., Kumari, S., & Subramaniam, S. (2024). “Access to Finance: Issues and Challenges to ASEAN.” ASEAN Secretariat. https://asean.org/wp-content/uploads/2024/11/ASCC-RD_Trend-Report_CC6-2024.pdf.
Letzing, J. (2025, July 3). “The Price of Security: Europe is Set Up for a Serious Challenge.” World Economic Forum. https://www.weforum.org/stories/2025/07/europe-defence-recall-difficult-past-nato/.
Lo, K. (2024, November 18). “Philippines Leads Urgent Negotiations for Scaled-Up Climate Finance in COP 29 Amid A String Of Destructive Typhoons.” Department of Finance. https://www.dof.gov.ph/philippines-leads-urgent-negotiations-for-scaled-up-climate-finance-in-cop-29-amid-a-string-of-destructive-typhoons/
Mathiesen, K. (2025, February 5). “Trump Rescinds $4B in US Pledges for UN Climate Fund.” POLITICO. https://www.politico.eu/article/donald-trump-rescind-4-billion-us-pledge-un-climate-fund/.
McDonald, M. (2013). “Discourses of Climate Security.” Political Geography, Vol.33: 42–51. https://doi.org/10.1016/j.polgeo.2013.01.002.
National Security Council. (2023). “National Security Policy 2023-2028.” https://www.surrey.ac.uk/sites/default/files/2024-09/2023_Philippines.pdf.
Rakhiemah, A. N., Zharifah, N., Shidiq, M., Pradnyaswari, I., Rizaldi, M. I., & Suryadi, B. (2024). Progress of Carbon Pricing in ASEAN to Support the Shift Towards a Low Carbon Economy. Policy Brief No. 1, ASEAN Centre for Energy. https://accept.aseanenergy.org/progress-of-carbon-pricing-in-asean.
Relief Web. (2024, November 20). “Floods Typhoon Yagi—Operation Update #2 (MDRMM021)—Myanmar.” https://reliefweb.int/report/myanmar/myanmar-floods-typhoon-yagi-operation-update-2-mdrmm021.
Salazar, V., & Katigbak, J. J. P. (2024). “Can ASEAN’s Governance of Climate Change Become Participatory?” In, Global Trends in Governance and Policy Paradigms (pp. 1–24). IGI Global Scientific Publishing. https://www.igi-global.com/chapter/can-aseans-governance-of-climate-change-become-participatory/344197.
Santos, J. F. D. (2025, September 7). “WRAP: Anger over “Ghost” Flood Control Projects Overflows onto the Streets.” ABS-CBN. https://www.abs-cbn.com/news/nation/2025/9/7/wrap-anger-over-ghost-flood-control-projects-overflows-onto-the-streets-2222.
Seah, S., Lin, J., Martinus, M., Fong, K., Thao, P. T. P., & Aridati, I. Z. (2025). The State of Southeast Asia 2025 Survey Report. ISEAS Yusof Ishak Institute. https://www.iseas.edu.sg/wp-content/uploads/2025/03/The-State-of-SEA-2025-1.pdf.
Seah, S., Martinus, M., Huda, M. S., Ludher, E. K., Len, C., & Jiahui, Q. (2024). Southeast Asia Climate Outlook 2024 Survey Report. ISEAS Yusof Ishak Institute. https://www.iseas.edu.sg/wp-content/uploads/2024/08/SEACO24-Report-final.pdf.
Notes –
[1] There have been allegations that some legislators received huge kickbacks from overpriced or substandard flood control projects (Santos, 2025).

